FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ កើនឡើង៨.២% (Video inside)

12-08-2026 14:34

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានចំនួន៥,៣៥៣លានដុល្លារ កើនចំនួន៨.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន៤,៩៤៧លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

របាយការណ៍ បានឲ្យដឹងទៀតថា រយៈពេល៧ខែ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញទំនិញ ទៅកាន់ប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់២,៧៣២លានដុល្លារ កើនឡើងចំនួន១២.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានចំនួន២,៤៣១លានដុល្លារ។

ដោយឡែក ការនាំចូលទំនិញវៀតណាម ចូលមកកាន់ប្រទេសកម្ពុជាវិញ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦នេះ ក្នុងទំហំទឹកប្រាក់ចំនួន២,៦២០លានដុល្លារ មានការកើនឡើងចំនួន៤.២ភាគរយ​ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៥ មានចំនួន២,៥១៦លានដុល្លារ។

ផលិតផល​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំចេញទៅប្រទេស​វៀតណាម រួមមាន៖ ​ស្រូវ​ កៅស៊ូ ​ស្វាយចន្ទី ​ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ ​ចំណែក​ឯវៀតណាម​នាំចូលមក​វិញ រួមមាន៖ សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេង​ឥន្ធនៈ ឧបក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម -ល-។​

គូសបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីរបានតភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។

ក្រោយទំនាក់ទំនងថ្មីនេះ មេដឹកនាំប្រទេសទាំងពីរ បានខិតខំរក្សាសន្តិភាព និងអភិវឌ្ឍតាមបណ្តោយព្រំដែន ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ព្រមទាំងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាបន្តបន្ទាប់។

មេដឹកនាំកម្ពុជា-វៀតណាម បានឯកភាពគ្នា បន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស រវាងប្រទេសទាំងពីរ ឱ្យឈានដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក នារយៈពេលប៉ុន្មានឆ្នាំខាងមុខ៕