FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«រុក្ខទិវា ៩ កក្កដា»៖ អភិបាលខេត្តពោធិ៍សាត់ អំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាវិនិយោគបៃតងលើធម្មជាតិ ដើម្បីអនាគតនិរន្តរភាព

12-08-2026 14:31

(ពោធិ៍សាត់)៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» យ៉ាងអធិកអធម នៅសហគមន៍ព្រៃឈើតាព្រះខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការដាំដុះ ការស្តារព្រៃឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាផ្នែកមួយនៃការគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានលើកឡើងពីសារៈសំខាន់ នៃពិធីរុក្ខទិវា ដែលជាមរតកដ៏ថ្លៃថ្លា របស់ព្រះវររាជបិតាជាតិ និងត្រូវបានបន្តពង្រឹង ដោយរាជរដ្ឋាភិបាលអាណត្តិជាបន្តបន្ទាប់។ លោកបានគូសបញ្ជាក់ថា មន្ទីរបានបង្កើត និងចងក្រងសហគមន៍ព្រៃឈើ ចំនួន៩០កន្លែង លើផ្ទៃដី១៤,០២៣ហិកតា គ្របដណ្តប់លើ៩៤ភូមិ។ មានការរៀបចំផែនការគ្រប់គ្រង ការល្បាត ការជីកប្រឡាយព្រំប្រទល់ និងការជំរុញចុះបញ្ជីដីព្រៃសហគមន៍យ៉ាងសកម្ម។ ជាមួយគ្នានោះ មន្ទីរបានសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃ ដោយឈរលើគោលការណ៍ច្បាប់យ៉ាងម៉ឺងម៉ាត់។

លោកប្រធានមន្ទីរបន្ថែមថា ក្នុងឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងអង្គការដៃគូរអភិវឌ្ឍន៍នានា បានរួមគ្នាបណ្តុះកូនឈើ និងថែទាំកូនឈើក្នុងថ្នាល បានប្រមាណ៣០,៨៤៧កូន និងបានចែកចាយកូនឈើចំនួន១៧,៨០០ដើម។ ចំពោះពិធីរុក្ខទិវា ដែលត្រូវដាំនាពេលនេះ លើផ្ទៃដីដែលរិចរិលនៃព្រៃសហគមន៍ មានទំហំ២.៧០ហិកតា នៃផ្ទៃដីសរុបចំនួន១៣០ហិកតា រួមមានកូនឈើចម្រុះប្រភេទ ធ្នង់ បេង ក្រញូង ជ្រេស ចំនួន៣,០០០ដើម ដាំដើមក្ងោកតាមមាត់ស្រះ ចំនួន២០០ដើម ព្រមទាំងចែកកូនធ្នង់ បេង ក្រញូង ជ្រេស ដើមខ្នុរ ស្វាយ និងមៀន ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ទីវត្តអារ៉ាម និងសមាជិកសហគមន៍ព្រៃឈើ ចំនួន២,០០០ដើម។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងការពារធនធានធម្មជាតិ។

លោកអភិបាលខេត្ត បានលើកទឹកចិត្តយ៉ាងខ្លាំងដល់សាធារណជន ឱ្យចូលរួមដាំដើមឈើឱ្យបានគ្រប់ទីកន្លែង «តាមផ្ទះយ៉ាងហោចណាស់ ដើមឈើ១ដើម និងផ្កាលម្អមួយដើម»។ ជាពិសេស លោកបានស្នើឱ្យគូស្រករថ្មីៗ (គូស្វាមីភរិយាទើបរៀបការរួច) គួរតែបង្កើតទម្លាប់ល្អ ដោយនាំគ្នាដាំដើមឈើទុកជាអនុស្សាវរីយ៍អមជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ដែលជានិមិត្តរូបនៃក្ដីស្រឡាញ់ និងការលូតលាស់ជារៀងរហូត។

លោក ខូយ រីដា បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងនាមជាពលរដ្ឋល្អ និងជាអ្នកអភិរក្សការពារព្រៃឈើ ត្រូវចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ជាបន្ទាន់ នូវបញ្ហាភ្លើងឆេះព្រៃ និងការបរបាញ់សត្វព្រៃខុសច្បាប់។ ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យប្រជាកសិករ បង្វែរទិសដៅផលិតកម្មមកធ្វើ កសិ-រុក្ខកម្ម និងកសិកម្មចម្រុះវិញ ដើម្បីបង្កើតប្រភពចំណូលគ្រួសារ ព្រមទាំងជួយកាត់បន្ថយការអាស្រ័យផលផ្ទាល់ពីព្រៃឈើខុសច្បាប់។

លោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ការដាំដើមឈើ មិនមែនគ្រាន់តែជាការដាំដើមឈើធម្មតានោះទេ ប៉ុន្តែវាគឺជាការវិនិយោគពណ៌បៃតងលើធម្មជាតិ ដែលផ្តល់ផលចំណេញយ៉ាងមហាសាលដល់មនុស្សជាតិទាំងមូល ទាំងផ្នែកបរិស្ថាន អាកាសធាតុ និងជីវភាពរស់នៅ។

លោក ខូយ រីដា បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺដាំហើយមិនត្រូវទុកចោលនោះឡើយ។ គ្រប់ភាគីទាំងអស់ត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយត្រូវរួមគ្នាដាក់ជី ស្រោចទឹក និងពូនគល់ ទើបដើមឈើអាចដុះលូតលាស់បានល្អ និងមានអត្រារស់រានខ្ពស់៕