រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំមន្ត្រីក្រោមឱវាទ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនជាក់ស្តែង ទៅតាមរចនាសម្ព័ន្ធក្រសួង
12-08-2026 13:27
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់ជាមួយគណៈកម្មការជំរឿនមន្ត្រី នៃក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ និងវត្តមានមន្ត្រីជាក់ស្តែង។
ការធ្វើជំរឿននេះមានគោលបំណងសំខាន់ៗចំនួន៣ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ ទីមួយ ទិន្នន័យច្បាស់លាស់ មានន័យថា ទិន្នន័យមន្ត្រីម្នាក់ៗ និងរចនាសម្ព័ន្ធអង្គភាពនីមួយៗត្រូវតែត្រឹមត្រូវ និងជាក់ស្តែង។ ទីពីរ ឯកភាពគ្នា គឺរាល់ទិន្នន័យទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ និងយល់ស្របគ្នាទាំងស្រុងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទីបី ប្រើប្រាស់បានរួមគ្នា មានន័យថា ទិន្នន័យទាំងនេះនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យារួមតែមួយ។
ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធរួមនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងការបើកប្រាក់បៀវត្ស ការដំឡើងឋានន្តរស័ក្តិ និងការរៀបចំផែនការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគតប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ជំរឿននេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានមនុស្សឱ្យកាន់តែទំនើប និងស៊ីជម្រៅ៕



























