FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆបោកទិញទំនិញអនឡាញ (Video inside)

12-08-2026 13:01

(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ការទិញទំនិញតាមប្រព័ន្ធអនឡាញបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង ដោយសារភាពងាយស្រួល និងជម្រើសដ៏សម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ បទល្មើសឆបោកតាមរយៈការទិញទំនិញអនឡាញ ក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលទាមទារឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់។

ការឆបោកទិញទំនិញអនឡាញ គឺជាសកម្មភាពដែលជនខិលខូចបង្កើតគណនី ឬហាងលក់ទំនិញក្លែងក្លាយ ដើម្បីទាក់ទាញឱ្យជនរងគ្រោះផ្ទេរប្រាក់ ប៉ុន្តែមិនមានទំនិញពិត ឬផ្ញើទំនិញមិនដូចការផ្សព្វផ្សាយឡើយ។

ជនឆបោកតែងប្រើប្រាស់ល្បិចកលផ្សេងៗដូចជា ការបង្កើតគេហទំព័រ ឬ Page ក្លែងក្លាយ ការភ្ជាប់ទំនាក់ទំនងតាម Messenger ឬ Telegram និងការជំរុញឱ្យផ្ទេរប្រាក់កក់ ឬបង់ប្រាក់ទាំងអស់តាមរយៈ QR Code។ បន្ទាប់ពីទទួលបានប្រាក់ ពួកគេនឹងបិទទំនាក់ទំនង (Block) ឬទាមទារថ្លៃបន្ថែមមុននឹងបាត់ខ្លួន។

សញ្ញាដែលត្រូវសង្ស័យរួមមាន តម្លៃទំនិញថោកជាងទីផ្សារខ្លាំង (៥០% - ៧០%) Page ទើបបង្កើតថ្មី ឬដូរឈ្មោះញឹកញាប់ ការបិទ Comment ឬមាន Comment ដូចៗគ្នា (Bot) ការបង្ខំឱ្យផ្ទេរប្រាក់ជាមុន និងគណនីធនាគារជាឈ្មោះបុគ្គល មិនមែនឈ្មោះហាង ឬក្រុមហ៊ុន។

ដើម្បីការពារខ្លួនពីការឆបោកទាំងនេះ សាធារណជនត្រូវចងចាំថា «កុំជឿ! កុំប្រញាប់ផ្ទេរប្រាក់! ផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់លាស់ មុនពេលបញ្ជាទិញ»។

ការពិនិត្យមើលភាពជឿជាក់របស់ហាង ឬ Page ឱ្យបានហ្មត់ចត់ គឺជាគន្លឹះដ៏សំខាន់ក្នុងការជៀសវាងការបាត់បង់ប្រាក់ដោយសារជនខិលខូច។ សូមចូលរួមចែករំលែកព័ត៌មាននេះ ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា៕