សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភាគឦសានទទួលបានសំណើការវិនិយោគ ៧២គម្រោង ក្នុងនោះ៥៧គម្រោង បានពិនិត្យ បន្តនីតិវិធី (Video inside)
12-08-2026 11:28
(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន ខេត្តទាំង៤ នៅភាគឦសាន ទទួលបានសំណើការវិនិយោគចំនួន ៧២គម្រោង ក្នុងនោះ ៥៧គម្រោងបានពិនិត្យ និងបន្តនីតិវិធី, ៧២គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ២.៧ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋជាង ៨ម៉ឺននាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន គឺគ្រប់ដណ្តប់លើវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយបានប្រើប្រាស់វិធានការគាំទ្រ និងការវិនិយោគចំនួន៣ មានដូចជា៖ (១) វិធានការផ្នែកពន្ធដារ និងពន្ធគយ ដោយបានអនុគ្រោះសម្រាប់លើកទឹកចិត្តដល់អ្នកវិនិយោគនៅខេត្តភាគឦសាននេះ (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ (ទទួលបានការប្រាក់ទាបសម្រាប់ការវិនិយោគ) (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងគាំទ្រសកម្មភាពវិនិយោគ។
តាមរយៈការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា « គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សម្រាប់ ៤ខេត្តនៅភាគឦសាននេះ យើងសរុបទទួលបានការស្នើសុំវិនិយោគ ៧២គម្រោង ក្នុងនោះគម្រោងស្នើសុំការវិនិយោគចំនួន ៥៧គម្រោង បានពិនិត្យ និងបន្តនីតិវិធី ហើយក្នុងចំនួន ៧២គម្រោងដែលបានដាក់នេះ ទុនវិនិយោគសរុប ២.៧ពាន់លានដុល្លារ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈគម្រោងទាំងនេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានជិត ៨៣ ០០០នាក់, ហើយរដ្ឋាភិបាលនឹងនៅតែបន្តទទួលឱ្យមានការស្នើសុំធ្វើការវិនិយោគនៅតាមខេត្តភាគឦសាននេះជាបន្តទៅទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បើនិយាយទូទាំងប្រទេស គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងប្រទេសសម្រាប់គម្រោងវិនិយោគពីក្រៅប្រទេសមកវិនិយោគក្នុងប្រទេសយើងមានចំនួន ២១៤គម្រោង គិតជាទឹកប្រាក់ប្រមានជិត ៤ពាន់លានដុល្លារ និងបានបង្កើតការចំនួន ១៤០ ០០០កន្លែងជូនពលរដ្ឋផងដែរ៕





































































































