បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចុះពិនិត្យស្ថានភាពនៃការប្រគល់-ទទួល និងការរក្សាហឹបដុំសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
12-08-2026 10:25
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យ និងទទួលហឹបដុំសន្លឹកកិច្ចការរបស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតាមបណ្ដារាជធានី-ខេត្ត ដែលបានដឹកមកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ជាបណ្ដើរៗ និងបានរក្សាទុកយ៉ាងត្រឹមត្រូវដោយសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត គណៈកម្មការអប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងដំណើរការសំណេរនៅតាមមណ្ឌលប្រឡងនីមួយៗ ប្រព្រឹត្តទៅដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាបានយ៉ាងត្រឹមត្រូវ។ គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ ដោយមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕





































