ក្រសួងអប់រំ នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ លើអ្នកថតចម្លង និងបង្ហោះប្រធានវិញ្ញាសានៃការប្រឡងបាក់ឌុប
12-08-2026 09:27
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសនឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។
ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់សាធារណជនទូទៅមេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់ក្រសួងអប់រំ យុវជន និងកីឡា គ្មានការអនុញ្ញាត៕

