កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើង១៦នាក់ ពីបទបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
12-08-2026 09:22
(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន១៦នាក់ ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងច្បារមន និងស្រុកសំរោងទង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ក្រោយពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ទីតាំងទី១ កម្លាំងបានឃាត់ខ្លួនក្មេងទំនើង១២នាក់ នៅចំណុចដីឡូតិ៍ក្រោយពន្ធនាគារ ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ចំណែកទីតាំងទី២ កម្លាំងបានបន្តឃាត់ខ្លួន៤នាក់បន្ថែមទៀត នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង។
ក្នុងប្រតិបត្តិការទាំងពីរទីតាំងនេះ កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន ម៉ូតូចំនួន០៨គ្រឿង ទូរស័ព្ទចំនួន១៦គ្រឿង ខ្សែកលោហៈធាតុពណ៌ទង់ដែង០១ខ្សែ និងកងដៃលោហៈធាតុពណ៌ទង់ដែង០១ផងដែរ។
បច្ចុប្បន្ន ក្មេងទំនើងទាំង១៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ និងបង្កភាពអនាធិបតេយ្យក្នុងសង្គម។
ជាមួយគ្នានេះ ម៉ូតូចំនួន១២គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំឱ្យអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុត ចំពោះក្មេងទំនើង ជាពិសេសអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។







