FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​សមិទ្ធ​ផល​នានា​ក្នុងខេត្តស្ទឹងត្រែង

12-08-2026 06:35

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។

ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាន​នៃ​ប្រទេសកម្ពុជា មានព្រំ​ប្រទល់​ខាងជើងជាប់ខេត្តពីរនៃប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្ត​អត្តពឺ មាន​បណ្តោយ​​ព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ២៩ ដល់​បង្គោលព្រំដែនលេខ៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើត​ជាប់​ខេត្តរតន​គិ​រី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ខេត្តស្ទឹង​ត្រែង ជាតំបន់ខ្ពង់រាប មាន​វាល​ទំនាប និងភ្នំខ្ពស់ៗនៅទិសឦសាន។

ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ចំកណ្តាលខេត្ត ពីជើងទៅត្បូង​ចាប់ពីព្រំ​ប្រ​ទល់​ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និង​ប្រព័ន្ធជីវៈចម្រុះ។

ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា​៦ក្រុង​ស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១​នាក់ ស្មើនឹង៤៦.០៨៣​គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២​នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។

ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម ៥ភាគរយ សិប្បកម្ម ៤ភាគរយ ចិញ្ចឹមសត្វ ៣ភាគរយ និងនេសាទ ១ភាគរយ។

ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋ​អា​មេ​រិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រី​ក្រ​ស្ថិត​ក្នុងរង្វង់១៨ភាគរយ។

ខេត្តមានផ្លូវជាតិឆ្លងកាត់​៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ​៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់​ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និង​ស្ពាន​កោះទន្សាយសែនជ័យ ប្រវែង ២៤០ម៉ែត្រ។

ខេត្តមានទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្កាវ៉ាត់ ដែល​បាន​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេចតេជោ និងច្រក​ទ្វារអន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែ​មក​រា ឆ្នាំ២០១៧ ក្រោម​អធិប​តី​ភាព​សម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត។

ដើម្បីជំរុញការចម្រើនលូតលាស់ និងលើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជា​ពល​រដ្ឋ រាជ​រដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន​កម្ពុជាជាច្រើនអាណត្តិ​កន្លង​មក​នេះ បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសានប្រទេសកម្ពុជា។ គោលនយោបាយចម្បងរបស់រាជ​រដ្ឋា​ភិបាលនាអណត្តិកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្ត​ទុក​​ដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រួមមានផ្លូវ និងស្ពាន ធ្វើឱ្យ​ខេត្ត​ស្ទឹងត្រែងអាចតភ្ជាប់ទៅបណ្តាខេត្តជុំវិញដោយមិនលំបាកទៀតនោះឡើយ។

ចូលដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគក្នុងខេត្តភាគឦ​សាន​ទាំង៤ រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ដោយបានដាក់ចេញកម្ម​វិធីអាទិភាពសម្រាប់ការវិនិយោគក្នុងខេត្តភាគឦសាននេះ។

ក្រៅពីយកចិត្តទុកដាក់ជំរុញការវិនិយោគហើយនោះ ខេត្តស្ទឹងត្រែង ក៏​ទទួល​​​​បានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការកែលំអសោភណភាព​នៅទីរួមខេត្តយ៉ាងលេចធ្លោថែមទៀតផង។

លោក សរ សុពុត្រា ទទួលបានសេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹង​ត្រែង នៅខែមិថុនា ឆ្នាំ២០២៤។ មកដល់ខែសីហា ឆ្នាំ២០២៦នេះ លោក សរ សុពុត្រា បានគ្រប់គ្រង និងដឹកនាំខេត្តស្ទឹងត្រែង បានរយៈពេលជាង ២ឆ្នាំហើយ។

រយៈពេលជាង២ឆ្នាំ លោក សរ សុពុត្រា បានប្រែក្លាយទីប្រជុំជនក្រុងស្ទឹងត្រែង ឱ្យក្លាយទៅជាទីឋានថ្មី ប្រកបដោយសោភណភាព និងជាទីមនោរម្យសម្រាប់​ការ​រស់នៅ ហើយទទួលបានការកោតសរសើរខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងបណ្តាខេត្តនានា ដែលបានចូលមកដល់ខេត្ត ឬបានឃើញការអភិវឌ្ឍ​តាម​បណ្តាញ​ផ្សព្វផ្សាយ។

ហេដ្ឋារចនាសម្ព័ន្ធ ដែលខេត្ត បានកសាងរួមមាន ផ្លូវ​គមនា​គមន៍នៅទីប្រជុំជន និងមូលដ្ឋានជនបទ តំបន់ក្បែរព្រំដែន តំបន់សក្តានុពលទេសចរណ៍ និង​ការ​ស្ថាបនាសមិទ្ធផលថ្មីៗ ជាអត្តសញ្ញាណខេត្ត រួមមាន លំហរសាធារណៈ សម្រាប់​កុមារ និង​មនុស្ស​ពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការ​សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតី និង​គ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យ​មង្គល-អូរពងមាន់ ទីសក្ការៈបូជនីយ​ដ្ឋាន​ភ្នំ​ធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូប​ម្នាស់ទឹក​ឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីត​ព្រះរាជ​ដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរ​ជើង​មាត់​ទន្លេ​សេ​កុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាល សាលាស្រុកបុរីអូរស្វាយ​សែន​ជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លង​ក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុង​សាលារៀន​ក្នុង​មូលដ្ឋាន អគារសម្ភព បន្ទប់​រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោល​ភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជន​រង្វង់​មូល​ព្រះនរាយណ៍ ស្ថាបនាកំពង់​ចម្លង​-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុង​ជា​ច្រើនខ្សែក្នុងទីរួម​ខេត្ត និងមូលដ្ឋាន។

ក្រៅពីសមិទ្ធផលខាងលើហើយនោះ រដ្ឋបាលខេត្ត ក៏បានជំរុញផលិតកម្មកសិកម្ម ដែលជាមធ្យមក្នុងមួយត្រីមាសលទ្ធផលនៃការលក់​ដំឡូងមីស្រស់​នាំ​ចេញ​ក្រៅខេត្ត បាន២២៩ពាន់តោន ដំឡូងមីស្ងួត៧៦ពាន់តោន គ្រាប់ស្វាយចន្ទី៥២ពាន់តោន និងស្វាយកែវរមៀត៩ពាន់តោន ការលក់ស្រូវនាំចូលរោងម៉ាស៊ីនតូច-ធំ ក្នុងខេត្តសរុបជាង ​៥​ពាន់​តោន និងការនាំអង្ករលក់នៅផ្សារក្នុងខេត្ត បាន ៣ពាន់តោន។ បរិមាណផល​នេសាទជា​លក្ខណៈគ្រួសារទទួលបាន១.២៦៦តោន។

ដោយឡែកការវិនិយោគវិញ ខេត្ត បានលើកកម្ពស់ការទាក់ទាញគម្រោង​វិនិ​យោគ​​ផ្នែក​ឯកជនក្នុង​ក្រប​ខ័ណ្ឌ​កម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគ​ឦ​សាន បច្ចុប្បន្នក្រុមហ៊ុនទទួល​បាន​គោលការណ៍ ៩គម្រោង ក្នុងវិស័យកសិ​ឧស្សា​កម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹម​សត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជា​មួយក្រុមហ៊ុន​វៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។

ចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះ​បញ្ជី​ចំនួន ៥គម្រោងវិនិយោគទៀត៕