អភិបាលខេត្តមណ្ឌលគិរី ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលប្រឡងជាប់និទ្ទេស A
11-08-2026 21:40
(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់បេក្ខជនដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងខេត្តមណ្ឌលគិរី ដើម្បីជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តដល់ការខិតខំប្រឹងប្រែងសិក្សារបស់សិស្សានុសិស្ស។
លោកអភិបាលខេត្តបានធ្វើការជូនពរដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ សូមឱ្យជាប់ៗគ្រប់ៗព្រោះរយៈ ១២ឆ្នាំកន្លងមកហើយ ដែលខំប្រឹងប្រែងរៀនសូត្រ។
លោក លី សាមិ ប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ដំណើរការនៃប្រឡងវិញ្ញាសាប្រឡង រយៈពេល២ថ្ងៃនេះ ចាប់ពីថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដែលមាន ២មណ្ឌល មានសិស្សសរុប ៧៧០នាក់ ស្រី ៤៧១នាក់ ក្នុងនោះ៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី (លិច) មាន៣បន្ទប់ បេក្ខជនសរុប ៧០នាក់ ស្រី៤៦នាក់ មកប្រឡងទាំងអស់។ មណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី (កើត) ថ្នាក់វិទ្យាសាស្ត្រសង្គម មាន២៨បន្ទប់។ បេក្ខជនសរុប៧០០នាក់ ស្រី៤២៥នាក់ ក្នុងនោះបេក្ខជនស្វ័យរិន២៣នាក់ ស្រី១០នាក់ បេក្ខជនបំពេញវិជ្ជា១១នាក់ ស្រី៧នាក់បានមកប្រឡងចំនួន៦៩៨នាក់ ស្រី៤២៣នាក់ អវត្តមាន២នាក់ ស្រី២នាក់ (បេក្ខជនស្វ័យរិន) មូលហេតុមិនមកយកបណ្ណ ទាក់ទងមិនបាន។
លោកបានបន្ថែមថា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចុងម៉ោងវិញ្ញាសាពលរដ្ឋវិជ្ជា បេក្ខជន២នាក់ មានបញ្ហាសុខភាព នៅថ្នាក់វិទ្យាសាស្ត្រសង្គម៖ ១-ឈ្មោះ ស៊្រន់ ស្រីការ បន្ទប់លេខ២៤ លេខតុ ៥៨២ មានអាការៈថប់ដង្ហើម ២-ឈ្មោះ ចាន់ ស្រីការ បន្ទប់លេខ៤លេខតុ៨៨ មានអាការៈអស់កម្លាំង ក្រោយមកគាត់ទាំងពីរនាក់ បានមកបន្ទប់ប្រឡងវិញ ដំណើរការសរសេរវិញ្ញាសាដល់ចប់ម៉ោង។ ចំពោះវ៉ែនតា និងទូរស័ព្ទឆ្លាតវៃ គឺគ្មានពោល គឺដំណើរការវិញ្ញាសាសរសេរ រយៈពេលពីរថ្ងៃនេះប្រព្រឹត្តទៅដោយរលូន៕





