មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់មន្ត្រីរាជការ និងនិយោជិតនារី បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសង្គមកម្ពុជា
11-08-2026 16:53
(ភ្នំពេញ)៖ លោកស្រី រស់ សូរក្ខា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តអនុសាសន៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ ស៊ី-ដ (CEDEW)។
កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងនិយោជិត មកពីអគ្គនាយកដ្ឋានក្រោមឱវាទចំនួន៣ ប្រៃសណីយ៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ជួបពិភាក្សាអំពីកិច្ចការពារស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ ការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើ៖
១៖ ការស្វែងយល់អំពីបញ្ហាប្រឈម និងឧបសគ្គ ចំពោះការអនុវត្តភារកិច្ច របស់មន្ត្រីរាជការ និងនិយោជិត ជាស្រ្តី
២៖ ការផ្តល់ព័ត៌មានអំពីគម្រោងផ្តល់សេវាការពារ សិទ្ធិស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា
៣៖ ផ្សព្វផ្សាយអនុសញ្ញា «ស៊ី-ដ»
និង៤៖ ឥរិយាបថនៃការ លើកកម្ពស់សីលធម៌ សុជីវធម៌ ក្នុងការប្រើប្រាស់បណ្តាញសង្គម។
នៅក្នុងជំនួបនេះ លោកស្រីប្រធាន បានជម្រាបជូនអំពីគោលនយោយសំខាន់ៗ របស់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងជាពិសេសការយកចិត្តទុកដាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលបានគិតគូរបង្កលក្ខណៈ ងាយស្រួលដល់មន្ត្រីរាជការ និយោជិត ជានារី ក្នុងការពង្រឹងសមត្ថភាព និងការតម្លើងតួនាទី។
ជាមួយគ្នានេះ លោកស្រីប្រធាន បានថ្លែងអំណរគុណជូន ថ្នាក់ដឹកនាំអង្គភាពទាំងអស់ដែលបានជំរុញ និងយោគយល់អនុគ្រោះដល់មន្ត្រីរាជការនារី និយោជិត ក្នុងការបំពេញការងារប្រចាំថ្ងៃ។
បន្ថែមលើនេះ លោកស្រីប្រធាន បានថ្លែងកោតសរសើរ ដល់មន្ត្រីរាជការ និយោជិត ជានារីទាំងអស់ ដែលបានតស៊ូអត់ ធ្មត់បំពេញតួនាទីជាមន្ត្រី ជាភរិយា និងជាម្តាយដ៏ល្អទាំងនៅក្នុងពេលបំពេញការងារ និងក្នុងគ្រួសារ។
លោកស្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការ និយោជិតនារីទាំងអស់ បន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជា មួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមកម្ពុជា ឱ្យរីកចម្រើនបន្ថែមទៀត៕










