មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវដល់វិនិយោគិនទាំងអស់ កុំឱ្យមើលរំលងធុរកិច្ចថ្មីឌីជីថលកម្ពុជា
11-08-2026 16:51
(សៀមរាប)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធី «Community Series: Empowering Innovation: The Founder and Investor Nexus» ដែលសហការរៀបចំដោយ មជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និង ក.ប.ទ. នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន វិនិយោគិន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតប្រមាណ ១០០នាក់។
កម្មវិធីនេះ មានគោលបំណងប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សានិងយល់ដឹងអំពី ការស្វែងរកទុនវិនិយោគ តាមរយៈការត្រៀមខ្លួនសម្រាប់ការវិនិយោគ ការកសាងភាពជាដៃគូ និងទំនុកចិត្តជាមួយវិនិយោគិន ការចាប់យកឱកាសពង្រីកខ្លួន ទៅក្នុងតំបន់ និងទាញយកអត្ថប្រយោជន៍ពីបណ្ដាញទំនាក់ទំនង ដើម្បីពន្លឿនអាជីវកម្មប្រកបដោយនវានុវត្តន៍។
ក្នុងនោះដែរ មជ្ឈមណ្ឌល Plug and Play ក៏បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី៣ (Innovate Cambodia Accelerator Program - Batch 3) ដើម្បីបន្តការអភិវឌ្ឍគំនិតច្នៃប្រឌិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីយុទ្ធសាស្រ្តពង្រីកទីផ្សារ ព្រមទាំងតភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា មជ្ឈមណ្ឌល Plug and Play បានដើរតួរយ៉ាងសំខាន់ក្នុងពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយតភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាជាមួយអ្នកជំនាញអន្តរជាតិ វិនិយោគិន និងទីផ្សារក្នុងតំបន់។
តាមរយៈភាពជាដៃគូជាមួយមជ្ឈមណ្ឌល Plug and Play ធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ២ គឺ Bamnang និង KonektAgri ទទួលបានការវិនិយោគដោយជោគជ័យ ហើយធុរកិច្ចថ្មីឌីជីថលកម្ពុជាមួយចំនួនទៀតក៏នឹងទទួលបានការវិនិយោគជាបន្តបន្ទាប់ផងដែរ ដែលបង្ហាញពីសក្តានុពល នៃភាពច្នៃប្រឌិតដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់ កុំឱ្យមើលរំលងធុរកិច្ចថ្មីឌីជីថលកម្ពុជា ក៏ដូចជាថ្នាល និងសេវាឌីជីថលអភិវឌ្ឍដោយកម្ពុជា ដែលមានភាពច្នៃប្រឌិត និងសក្តានុពល ហើយចំពោះវិនិយោគិនក្នុងស្រុកទាំងអស់ ត្រូវចាប់យកឱកាសនេះដើម្បីរួមគ្នាជួយដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដើម្បីអភិវឌ្ឍនូវបច្ចេកវិទ្យា និងជំរុញកំណើនសេដ្ឋកិច្ចឌីជីថល នៅកម្ពុជាផងដែរ៕






