អភិបាលខេត្តបាត់ដំបង ទទួលថវិកាជាង ៤៧លានរៀល សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
11-08-2026 14:56
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញទទួលថវិកាសរុបចំនួន ៤៧,២៧១,០០០ រៀល ពីសប្បុរសជន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាចំនួន ១៤ ក្នុងខេត្ត។ ការទទួលថវិកានេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ក្នុងចំណោមសប្បុរសជនដែលបានចូលរួមបរិច្ចាគ មានដូចជា លោក ឡុង សុភឺន អភិបាលស្រុកស្ដីទីស្រុកមោងឫស្សី លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ព្រមទាំងស្ថាប័ន និងបុគ្គលជាច្រើនទៀត។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជននឹងបន្តចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ ដើម្បីសម្រេចបានចក្ខុវិស័យ និងបេសកកម្មមនុស្សធម៌របស់ខ្លួន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមរយៈវិស័យស្នូលទាំង ៤ និងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ការចូលរួមឧបត្ថម្ភគាំទ្រនេះ ពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក។
សាខាកាកបាទក្រហមកម្ពុជា ខេត្តនឹងរង់ចាំទទួលអំណាយមនុស្សធម៌របស់ សម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ឬវេរចូលគណនីធនាគារ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង CAMBODIAN RED CROSS BTBមានដូចខាងក្រោម ៖
*ធនាគារអេប៊ីអេ (ABA)
*គណនីប្រាក់ដុល្លារលេខ៖ 003585971 (USD)
*គណនីប្រាក់រៀលលេខ៖ 003585989 (KHR)
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត ទូរសព្ទលេខ 012 873 536
លោក សុវណ្ណ វិទិត្យា ហិរញ្ញិកគណៈ
កម្មាធិការសាខា ទូរសព្ទ័លេខ៖ 077 630 834
លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាខេត្តទូរសព្ទ័លេខ៖ 061 818 116




















