FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តព្រះវិហារ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ១០០០បណ្ណ ជូនប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកត្បែងមានជ័យ

11-08-2026 14:51

(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន ភូមិបាក់កាំ ភូមិសេដ្ឋកិច្ច និងភូមិមហាផល នៃឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ៩៩៨បណ្ណ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក មិន ស៊ីថា បានថ្លែងបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការផ្តល់នូវឯកសារផ្លូវការដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ វិញ្ញាបនបត្រទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាសុវត្ថិភាពនៃការកាន់កាប់ កាត់បន្ថយហានិភ័យនៃទំនាស់ដីធ្លី និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនវត្ថុរបស់ខ្លួនប្រកបដោយទំនុកចិត្ត។

អភិបាលរងខេត្តបានបន្ថែមថា ការចុះបញ្ជី និងការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងប្រព័ន្ធគ្រប់គ្រងដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព មានតម្លាភាព និងច្បាស់លាស់។ លើសពីនេះ វាបានរួមចំណែកយ៉ាងសកម្មដល់ការរក្សាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ សម្រាប់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ការទទួលបានវិញ្ញាបនបត្រទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលផ្តល់ភាព ស្របច្បាប់ និងភាពច្បាស់លាស់លើកម្មសិទ្ធិអចលនវត្ថុរបស់ពួកគាត់ ព្រមទាំងអាចប្រើប្រាស់ជាឯកសារយោងសម្រាប់ប្រតិបត្តិការផ្សេងៗពាក់ព័ន្ធនឹងអចលនវត្ថុនាពេលអនាគត៕