FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យទីតាំងមណ្ឌលសុខភាពតេជោមរកត នៅឃុំមរកត ស្រុកជាំក្សាន្ត កន្លែងដែលទាហានថៃ វាយប្រហារដោយទម្លាក់គ្រាប់បែកពីយន្តហោះ F-16 និងគ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ

11-08-2026 14:26

(ព្រះវិហារ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ ទីកន្លែងនេះគឺជាមណ្ឌលសុខភាពតេជោមរកត ដែលជាទីកន្លែងផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ហើយត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm គ្រាប់បែកចង្កោម និងដ្រូនជាច្រើនគ្រាប់ បណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕