FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបទីតាំង​​​ Online Scames មួយកន្លែង នៅខុនស្តារស៊ីធី ចាប់ខ្លួនជនជាតិវៀតណាម ១៤នាក់

11-08-2026 10:22

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​​ កាលពីវេលាម៉ោង ២២:០០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scames)​ មួយកន្លែង នៅអគារខុនស្តារស៊ីធី ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបញ្ជាដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងដឹកនាំស្រាវជ្រាវបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា, លោកឧត្តមសេនីយ៍ទោ រស់ យ៉ុងមេត្តា ស្នងការរង រួមជាមួយលោកវរសេនីយ៍ឯក អេង សោភា, លោកវរសេនីយ៍ឯក អឿ ភក្តី, លោកវរសេនីយ៍ឯក វណ្ណ ខេមរ៉ា អធិការខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យបន្ទប់លេខ ៦០២, បន្ទប់លេខ ៩០២ និងបន្ទប់លេខ ១០១១ នៃអគារខុនស្តារស៊ីធី។

ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារបានរកឃើញជនជាតិវៀតណាមចំនួន ១៤នាក់ ក្នុងនោះមានស្រីម្នាក់ និងបានរឹបអូសសម្ភារៈមួយចំនួនធំដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស Online Scames។

សម្ភារៈទាំងនោះរួមមាន៖ កុំព្យូទ័រ All In One ចំនួន ១៤គ្រឿង, កុំព្យូទ័រយួរដៃ ៤គ្រឿង និងទូរស័ព្ទដៃចំនួន ១៨គ្រឿង ដែលត្រូវបានរកឃើញនៅក្នុងបន្ទប់ទាំងបីខាងលើ៕