FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេស៉ីម៉ាក់កម្ពុជា៖ ថៃខំប្រឌិតរឿងថ្មី បង្វែរការពិត ពាក់ព័ន្ធតួលេខជនភៀសសឹកជាង ៦៥ម៉ឺននាក់ ក្នុងរបាយការណ៍អង្គការសិទ្ធិមនុស្សរបស់ UN, ប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលរងការបំផ្លាញ កំពុងស្វែងរកយុត្តិធម៌

11-08-2026 08:08

(ភ្នំពេញ)៖ លោក ហេង រតនា ​ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានចេញមុខបកស្រាយយ៉ាងច្បាស់ៗ លើបណ្តាញសង្គមផ្លូវការរបស់លោក ដោយបានបង្ហាញនូវភស្តុតាងជាក់ស្តែង ដើម្បីបដិសេធការប៉ុនប៉ងរបស់ភាគីថៃ ក្នុងការកែប្រែ បង្វែរសាច់រឿងពិត និងប្រឌិតរឿងថ្មី ដើម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន ក្នុងគោលបំណងមួលបង្កាច់កម្ពុជា នូវតួលេខជនភៀសសឹកចំនួនជាង ៦៥០ ០០០នាក់ ដែលលើកឡើងដោយរបាយការណ៍អង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

លោក ហេង រតនា បានគូសបញ្ជាក់ថា តំបន់ស៊ីវិលជាក្រុង និងភូមិចំនួន ៣៤៩ បានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាម ដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងគ្រាប់យុទ្ធភណ្ឌទូទៅ។ ក្នុងនោះ មានចំនួន ៩១ ៤១១ គ្រួសារ គិតជាមនុស្សរាយមានចំនួន ៣៦៤ ៩៨៤ នាក់ ដែលបានរងផលប៉ះពាល់។ បច្ចុប្បន្ននេះ អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហើយ បានចំនួន ៣៣៥ ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង ៣ ៨០០ គីឡូម៉ែត្រក្រឡា។

លោកបានបន្ថែមថា តួលេខនេះមិនទាន់គិតបញ្ចូលចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាម ហើយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ។

ក្រៅពីជនរងគ្រោះជាមនុស្ស លោកអគ្គនាយក CMAC ក៏បានលើកឡើងពីភស្តុតាងរាប់មិនអស់ផ្សេងទៀត រួមមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងអគារតូចធំរាប់ម៉ឺនខ្នង ដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅ ដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ/សារធាតុគីមី។ លោកថា ភស្តុតាងទាំងអស់នេះ កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេគ ដើម្បីស្វែងរកយុត្តិធម៌៕