FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ សង់លេណដ្ឋានថ្មី នៅឃុំថ្មដា, កម្ពុជា បន្តតវ៉ាទង្វើបំពានច្បាប់របស់យោធាថៃ

10-08-2026 20:59

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្តតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហាឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។ លើសពីនេះនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនី
ជាតិរបស់ថៃ ទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ គឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ រំលោភលើកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្រឆាំងដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុងដូចដែលបានកំណត់និងខណ្ឌសីមា
ដោយផែនទីមាត្រដ្ឋាន១:២០០.០០០ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោម
តាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

រាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ទៀតថា សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងថៃ ស្ដីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក(MoUឆ្នាំ២០០០)ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចទី១(វិធានការកាត់បន្ថយភាពតានតឹង)នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ចុះថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥៕