រដ្ឋបាលស្រុកបាកាន ច្រានចោលទាំងស្រុង និងចាត់ទុកវីដេអូ «បូមខ្សាច់ស្ទឹងបូរាណ» លើបណ្តាញសង្គម ជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងញុះញង់ និងបំពុលសង្គម
10-08-2026 17:58
(ពោធិ៍សាត់)៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកបាកាន បានចេញសេចក្តីបំភ្លឺផ្លូវការមួយ ដោយច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មាន និងវីដេអូតាមបណ្តាញសង្គម របស់គណនីទូរទស្សន៍ BNTV online ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានករណីបូមខ្សាច់ខ្នាតយក្សក្នុងស្ទឹងបូរាណយ៉ាងអនាធិបតេយ្យ។
រដ្ឋបាលស្រុកបានបញ្ជាក់ថា នោះគឺជាព័ត៌មានផ្ទុយពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។
យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបាកាន បានបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបច្បាស់នូវចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
ទី១. ចំពោះខ្លឹមសារ រូបភាពវីដេអូ និងទីតាំងដែលបានលើកឡើងថាមានការធ្វើអាជីវកម្មបូមយកខ្សាច់ក្នុងតួអូរបូរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺ «មិនមានសកម្មភាពបូមយកខ្សាច់មកធ្វើអាជីវកម្មនោះទេ» ការលើកឡើងរបស់គណនី BNTV online គឺផ្ទុយពីការពិតទាំងស្រុង។
ទី២. បច្ចុប្បន្ន សិប្បកម្មខ្សាច់បករបស់លោក ខា ហុងលី គឺបាន និងកំពុងអនុវត្តការធ្វើអាជីវកម្មបកយកខ្សាច់ លើដីកម្មសិទ្ធិស្របច្បាប់ ដែលបានទិញពីប្រជាពលរដ្ឋត្រឹមត្រូវតាមនីតិវិធី។
ទី៣. ចំពោះសិប្បកម្មខ្សាច់បករបស់លោក ខា ហុងលី មាន អាជ្ញាប័ណ្ណអនុញ្ញាតលេខ ៣០៤៦/២៦ ខពស ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងបានបំពេញកាតព្វកិច្ចបង់សួយសារជូនរដ្ឋតាមរយៈមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន។
ទី៤. ចំពោះការលើកឡើងរបស់គណនីទូរទស្សន៍ BNTV online គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន ដែលបង្កើតឡើងក្នុងគោលបំណងញុះញង់ បំពុលសង្គម និងបង្កឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
រដ្ឋបាលស្រុកបាកាន បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងបញ្ឈប់រាល់ការចែករំលែក ព្រមទាំងការបញ្ចេញមតិរិះគន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលអាចប្រឈមមុខនឹងការអនុវត្តនីតិវិធីច្បាប់ជាធរមាន៕


