FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ភ្នំបូរី» ទីតាំងបុរាណវិទ្យាដ៏សំខាន់មួយនៃប្រទេសកម្ពុជា បង្ហាញពីប្រវត្តិសាស្ត្រដ៏ចំណាស់នៅខេត្តតាកែវ

10-08-2026 17:07

(តាកែវ)៖ «ភ្នំបូរី» គឺជាទីតាំងបុរាណវិទ្យាដ៏មានសារៈសំខាន់មួយ ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្តៅ ស្រុកអង្គរបូរី ខេត្តតាកែវ ប្រមាណ ៦គីឡូម៉ែត្រភាគនិរតីពីភ្នំដា។

តាមព័ត៌មាននៅលើផ្ទាំងស្លាកបង្ហាញទីតាំង ភ្នំបូរីជាតំបន់ដែលមានសំណល់នៃសំណង់បុរាណ និងភស្តុតាងនៃការរស់នៅរបស់មនុស្សតាំងពីសម័យបុរាណ។ នៅទីនេះ គេបានរកឃើញសំណល់ស៊ុមទ្វារ ជណ្ដើរបុរាណ និងស្លាកស្នាមនៃការតាំងទីលំនៅរបស់មនុស្ស។

ជាពិសេស នៅតំបន់វាលជុំវិញភ្នំ មានការរកឃើញបំណែកភាជន៍បុរាណជាច្រើន ដូចជា៖ ថាស ក្អម អាង និងទ្រនាប់ជើង ដែលត្រូវបានកំណត់ថាមានអាយុកាលចាប់ពី ចុងសម័យមុនប្រវត្តិសាស្ត្រ រហូតដល់ដើមសម័យហ្វូណន។

ការស្រាវជ្រាវ និងការជីកកកាយបុរាណវិទ្យានាពេលកន្លងមក ក៏បានបង្ហាញថា តំបន់ភ្នំបូរីធ្លាប់មានតួនាទីជាទីបញ្ចុះសពរបស់មនុស្សបុរាណ ចាប់ពីប្រមាណ សតវត្សរ៍ទី៤ មុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី២ ឬទី៣ នៃគ្រិស្តសករាជ។

ភស្តុតាងទាំងនេះបានបង្ហាញថា តំបន់ភ្នំបូរីមិនមែនជាភ្នំធម្មតានោះទេ ប៉ុន្តែជាតំបន់ដែលមានតម្លៃខ្ពស់សម្រាប់ការសិក្សាពី ប្រវត្តិសាស្ត្រ បុរាណវិទ្យា ជីវភាពរស់នៅ និងវប្បធម៌របស់មនុស្សនៅតំបន់អង្គរបូរី តាំងពីរាប់សតវត្សរ៍មុនការរីកចម្រើននៃអរិយធម៌ខ្មែរបុរាណ៕