រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ៖ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព»
10-08-2026 16:45
(ស្ទឹងត្រែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ៖ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» នៅបរិវេណសួនច្បារ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ,លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង , ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ៩៤០នាក់។
ជាកិច្ចចាប់ផ្ដើម លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានសម្ដែងនូវការស្វាគមន៍ និងបានធ្វើរបាយការណ៍ពី ស្ថានភាពភូមិសាស្រ្ដ ការរីកចម្រើនសមិទ្ធផលនានាក្នុងខេត្ត ព្រមទាំងសម្ដែងនូវការអបអរសាទរដែលបានប្រារព្ធពិធីនេះនៅលើទឹកដីនៃខេត្តស្ទឹងត្រែង នាពេលនេះ។
បន្ទាប់មក លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើ សេចក្តីរាយការណ៍សង្ខេប អំពីសមិទ្ធផលសំខាន់ៗ ដែលនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចសម្រេចបាន ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ មានដូចជា៖ ចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២២៨សហគមន៍ ដោយក្នុងនោះ ខេត្តស្ទឹងត្រែងទទួលបានលិខិតទទួលស្គាល់ អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទចំនួន ២១សហគមន៍, សម្របសម្រួលអនុម័តបទបញ្ជាផ្ទៃ ក្នុងសហគមន៍ជនជាតិដើមភាគតិច ចំនួន ១០៥សហគមន៍, រៀបចំសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិចចំនួន ១៨ លើក ,រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិចចំនួន ២០វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន៧០០នាក់ ស្ត្រី៣០២នាក់ ,ចងក្រង ផលិត និងផ្សព្វផ្សាយ ឯកសារ ស្តីពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អៗ របស់បងប្អូនជនជាតិដើមភាគតិចតាមអំបូរនីមួយៗ។
ជាមួយគ្នានោះ លោក ហើន សុខ តំណាងជនជាតិដើមភាគតិច បានសម្ដែងនូវចំណាប់អារម្មណ៍ពីការដឹងគុណចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានរៀបចំប្រារព្ធពិធីនេះឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់សិទ្ធិ សេចក្ដីថ្លៃថ្នូ អត្តសញ្ញាណ វប្បធម៌ ភាសា អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្នសម្រាប់ជនជាតិដើមភាគតិចនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ហួត ហាក់ បានធ្វើចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យខ្លឹមសារបញ្ជាក់ពី កិច្ចសហប្រតិបត្តិការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា សំដៅបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងសហគមន៍ជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង ក្រសួងទេសចរណ៍បាននឹងកំពុងជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ទៅកាន់សហគមន៍ជនជាតិដើមភាគតិច ដែលជួយឱ្យសហគមន៍ជនជាតិដើមភាគតិច មានភាពរីកចម្រើន ប្រកបដោយចីរភាព និងបរិយាបន្ន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសអបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា និងបានថ្លែងនូវការអគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជានាពេលកន្លងមក។
លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពីធីអំពីបេសកកម្មរបស់ក្រសួងតាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកប ដោយបរិយាបន្ន សមធម៌ និង ចីរភាព» ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលមានគោលដៅចម្បងចំនួន៤ រួមមាន៖ (១) តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អ និងអាយុសង្ឃឹមរស់វែង (៣)ប្រជាជនរស់នៅក្នុងភូមិឋានដែលមានភាពសុខក្សេមក្សាន្តនិងមាន បរិស្ថានល្អ និង(៤)ប្រជាជននៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព ដោយដាក់ចេញនូវយុទ្ធសាស្រ្ត គន្លឹះនៃគោលនយោបាយជាតិធ្វើជាកម្មវិធីអាទិភាពចំនួន៥ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ រដ្ឋមន្ដ្រីទាំង២ បានផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូនដល់ថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលមានស្នាដៃល្អរួមចំណែកយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ព្រមទាំងបានបានអញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។
សូមជម្រាបដែរ ពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជា បានរៀបចំឡើងក្នុងគោលបំណង៖
១៖ ចូលរួមអបអរសាទរជាមួយជនជាតិដើមភាគតិចលើពិភពលោក និងបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា។
២៖ បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាព អភិរក្សវប្បធម៌ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច។
៣៖ ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ជនជាតិដើមតិច ដោយមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ៕





































