អភិបាលខេត្តកំពង់ស្ពឺ៖ ការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ចំនួន២,៥០០បណ្ណ ជាការផ្តល់សុវត្ថិភាពការកាន់កាប់ដីធ្លី ឈានដល់លុបបំបាត់ជម្លោះទាំងស្រុងនាពេលអនាគត
10-08-2026 16:25
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដី) ជូនដល់ប្រជាពលរដ្ឋក្នុងឃុំយាយម៉ៅពេជ្រនិល ស្មើចំនួន៩ភូមិ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ ការផ្តល់ជូននូវបណ្ណដីស្របច្បាប់នេះ ដើម្បីធានាបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយជម្លោះ និងគ្មានអ្នកណារំលោភបំពាន កាត់បន្ថយ និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវបញ្ហាជម្លោះដីធ្លី និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) សរុប ២,៥០០បណ្ណ ហើយបានចែកជាក់ស្តែងសរុបចំនួន ៧៥០បណ្ណ ដែលជាអំណោយរបស់រដ្ឋជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រោមការរៀបចំរបស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា បងប្អូនដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់នេះហើយ ត្រូវថែរក្សាឱ្យបានល្អ និងប្រើប្រាស់ឱ្យត្រូវគោលដៅ ដើម្បីធានាឱ្យបានកម្មវិធីសេដ្ឋកិច្ច និងសង្គម ចៀសវាងការប្រើប្រាស់ ខុសដែលនាំឱ្យមានទំនាស់ផ្លូវច្បាប់ ឬខាតបង់ប្រយោជន៍គ្រួសារ។
លោកវិស្វករ តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យកាន់តែសកម្មបន្ថែមទៀតដល់ក្រុមការងារជំនាញចុះបញ្ជីបង្ហើយទាំង១២ក្រុមនៅតាមស្រុកក្រុងដែលសេសសល់ លើការវាស់វែងដីធ្លីឱ្យបានចប់សព្វគ្រប់ និងប្រគល់ជូនប្រជាពលរដ្ឋឱ្យបានដល់ដៃគ្រប់គ្នា ដែលការណ៍នេះគឺដើម្បីដោះស្រាយ បញ្ចប់បញ្ហាជម្លោះព្រំដី ពិសេសបង្កើតឱ្យមានសុវត្ថិភាពដីធ្លីគឺពលរដ្ឋកាន់កាប់ស្របច្បាប់។
ប្រធានមន្ទីរបន្ថែមថា ការងារវាស់វែងដីធ្លីរហូតចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែត្រូវការភាពច្បាស់លាស់ ត្រឹមត្រូវ ការអត់ធ្មត់ និងកិច្ចសហការ យ៉ាងជិតស្និទ្ធរវាងមន្ត្រីជំនាញជាមួយប្រជាពលរដ្ឋ។ ដូច្នេះលទ្ធផលដែលផ្តល់ជូនប្រជាពលរដ្ឋនៅឃុំយាយម៉ៅពេជ្រនិលនៅពេលនេះ គឺជាផ្លែផ្កាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាពលរដ្ឋ៕

























