មិនឱ្យការខំប្រឹងប្រែងរៀន១២ឆ្នាំ ក្លាយជាអសាបង់, បេក្ខជន ៣នាក់នៅខេត្តបាត់ដំបង ជួបគ្រោះថ្នាក់ចរាចរណ៍ មកប្រឡងទាំងខ្លួនមានរបួស
10-08-2026 16:13
(បាត់ដំបង)៖ បេក្ខជនប្រឡងបាក់ឌុប ៣រូប នៅមណ្ឌលសកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញពីភាពអង់អាច និងការតស៊ូឥតរុញរារ ក្នុងបរិយាកាសនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដែលជាចំណុចរបត់ដ៏សំខាន់មួយក្នុងជីវិតសិក្សា និងរូបភាពនេះបានបន្សល់ទុកនូវក្តីរំភើប និងការកោតសរសើរចំពោះឆន្ទះដ៏មុះមុតរបស់ប្អូន ជាពិសេសឪពុកម្តាយ និងក្រុមគ្រួសាររបស់យុវជនទាំង ៣នាក់នេះ។
ទោះបីជាស្ថានភាពសុខភាពមិនអំណោយផល (បេក្ខជនម្នាក់គ្រោះថ្នាក់ចរាចរណ៍នៅកំឡុងម៉ោង ១១៖៣០នាទី បន្ទាប់ពីបញ្ចប់ការប្រឡងសំណេរពេលព្រឹក និងបេក្ខជន ២នាក់ទៀតបានគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង ១៣៖២៥នាទី កំឡុងពេលជិះមកមណ្ឌលប្រឡង) យ៉ាងណាក៏ដោយក៏បេក្ខជនទាំង ៣នាក់នេះ មិនបានបោះបង់ចោលនូវក្តីស្រមៃ និងការខិតខំប្រឹងប្រែងដែលបានសន្សំអស់រយៈពេល ១២ឆ្នាំមកនេះឡើយ ដោយពួកគាត់បានវិលត្រឡប់មកកាន់មណ្ឌលប្រឡងវិញ បន្ទាប់ពីបានទៅលាងសម្អាតរបួសនៅគ្លីនីកឯកជន និងនៅពេទ្យប្រចាំការមណ្ឌលប្រឡងរួចរាល់។
ជាចំណាត់ការ លោកប្រធានមណ្ឌលប្រឡង បានអនុញ្ញាតិឲបេក្ខជននេះមកប្រឡងនៅបន្ទប់សុខាភិបាល និងបេក្ខជន ២នាក់ទៀតបានទៅបន្ទប់ប្រឡងរៀងៗខ្លួនវិញ៕




