ព្រះសង្ឃក្នុងខេត្តសៀមរាប និមន្តនាំគ្រឿងឧបភោគបរិភោគ និងបច្ច័យចែកជូនកងទ័ពជួរមុខឈរជើងការពារព្រំដែន នៅខេត្តព្រះវិហារ
10-08-2026 15:41
(សៀមរាប)៖ ក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ព្រះគ្រូចៅអធិការតាមបណ្តាវត្ត និងលោកតា លោកយាយ ញាតិពុទ្ធបរិស័ត ក្នុងខេត្តសៀមរាប បាននិមន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់វីរកងទ័ពជួរមុខ នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ព្រះយសោធរញ្ញាណ ឡោម សុឈាត ព្រះចៅអធិការវត្ត ព្រះសិអារ្យ មានថេរដីកាថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានស្ដែងឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ជាពិសេសគឺទឹកព្រះទ័យរបស់ព្រះសង្ឃខ្មែរ និង ពុទ្ធបរិស័ទ ដែលតែងតែគិតគូរ និងដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្ដីសុខផ្ទាល់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេស។
ព្រះអង្គមានថេរដីការបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសេចក្ដីជ្រះថ្លា និងជាទឹកចិត្តរួមគ្នារវាងព្រះសង្ឃ និង ពុទ្ធបរិស័ទ ដើម្បីជាកម្លាំងចិត្តដល់បងប្អូនកងទ័ពឲ្យដឹងថា ប្រជាជននៅសមរភូមិក្រោយ តែងតែនៅក្បែរ និងគាំទ្របងប្អូនសមរភូមិមុខជានិច្ច។
ព្រះគ្រូមានថេរដីការបន្តថា នេះជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ហើយទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឲ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។
ព្រះអង្គមានថេរដីការថា សាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកស្មារតីយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ផ្ញើជូនទៅដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
តំណាងកងទ័ពនៅជួរមុខ បានសម្ដែងនូវសេចក្ដីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គនិង ពុទ្ធបរិស័ទទាំងអស់។ ទឹកចិត្តដ៏ថ្លៃថ្លានេះ គឺជាការជួយជម្រុញស្មារតីបងប្អូនយុទ្ធជនឱ្យកាន់តែមានសេចក្ដីក្លាហាន និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ៕














