ក្រុមការងារថ្នាលយុវជនកម្ពុជា នាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារខ្វះខាតនៅក្រុងតាខ្មៅ
10-08-2026 15:39
(កណ្តាល)៖ ក្រុមការងារថ្នាលយុវជនកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ផេង គឹមស្រ៊ុន ប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣គ្រួសារ នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២៦។
ពិធីប្រគល់អំណោយបានដឹកនាំដោយ លោក រិទ្ធ រាជសីហ៍ ប្រធានកត្តិយសស្ដីទីសាខាសមាគមថ្នាលយុវជនខេត្តកណ្ដាល លោក ពូន ផានិត អនុប្រធានទី១, លោក ហ៊ី រដ្ឋា អនុប្រធាន និងលោក បាន រតនា ប្រធានអនុសាខាក្រុងតាខ្មៅ ជាតំណាងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិក្រុមការងារថ្នាលយុវជនថ្នាក់កណ្ដាល។ កម្មវិធីប្រគល់អំណោយនេះមានការចូលរួមពី លោកចៅសង្កាតរង មេភូមិ ប្រធានផ្នែក និងសមាជិក សមាជិកាសមាគមថ្នាលយុវជនខេត្តកណ្ដាលផងដែរ។
អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទីមុនី ហ៊ុនម៉ាណែត ជូនគ្រួសារខ្វះខាតនៅសង្កាត់តាខ្មៅ ១គ្រួសារ និងសង្កាត់តាក្ដុល ២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ស្ករស អំបិល ប៊ីចេង មី ត្រីខ ទឹកសុទ្ធ និងថវិការមួយចំនួន។
ក្នុងឱកាសនោះដែរ លោក រិទ្ធ រាជសីហ៍ តាងនាមឲ្យលោក ម៉ៅ ផល្លា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ព្រមទាំងបានលើកឡើងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខប្រជាពលរដ្ឋ។ ជាមួយគ្នានេះលោក បានអំពាវនាវឱ្យក្រុមការងារ និងសមាជិកទាំងអស់បន្តរួបរួមស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោក ពូន ផានិត អនុប្រធានទី១ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមការងារថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តកណ្តាល ក្នុងការបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ដោយឡែក លោក ហ៊ី រដ្ឋា អនុប្រធាន បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះសន្តិភាព ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការបំពេញការងារមនុស្សធម៌ និងជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក៕











