នគរបាលស្រុកលើកដែកបង្ក្រាបល្បែងបញ្ជល់មាន់, ក្រុមអ្នកញៀនល្បែងប្រមាណ ១៥នាក់ បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់
10-08-2026 15:14
(កណ្ដាល)៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកលើកដែក បានចុះបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតក្នុងចំការស្វាយ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ ក្រុមអ្នកញៀនល្បែងប្រមាណជា ១៥នាក់ បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ បន្ទាប់ពីបានឃើញវត្តមានកម្លាំងសមត្ថកិច្ច។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់នេះ។ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់ចំណុចកើតហេតុភ្លាមៗ។
ទោះបីជាក្រុមអ្នកលេងល្បែងបានរត់គេចខ្លួនក៏ដោយ ក៏កម្លាំងសមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងមួយចំនួនធំ រួមមាន៖ មាន់រស់ ០១ក្បាល, មាន់ងាប់ ០៣ក្បាល, ដុំស្គុតរុំជើងមាន់ចំនួន ១៣ដុំ, កន្ត្រកដាក់មាន់ចំនួន ០៤, ស្បែកជើង ០៨គូ, មួក ០៥, កង់ ០១, កៅអីជ័រ ០៣, ខ្សែគោប្រហែល ៣០ម៉ែត្រ និងម៉ូតូចំនួន ០៦គ្រឿង។
វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។ ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមត្ថកិច្ចក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕


