FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកលើកដែក បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសវត្ថុតាងមួយចំនួន

10-08-2026 15:10

(កណ្ដាល)៖ កម្លាំងនគរបាលស្រុកលើកដែក ក្រោមបទបញ្ជារបស់លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ឈ្មោះ ផល សុភា ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ទី១- ឈ្មោះ ក្រាញ់ រាជ ភេទប្រុស អាយុ ៣៤ឆ្នាំ និង ទី២- ឈ្មោះ ម៉ាន់ សៅ ភេទប្រុស អាយុ ២៦ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់នេះ សុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម។ ចំណែកឯម្ចាស់ផ្ទះឈ្មោះ ផល សុភា ភេទប្រុស អាយុ ៣៤ឆ្នាំ បានរត់គេចខ្លួនបាត់។

វត្ថុតាងដែលចាប់យករួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់តូច ស្មើនឹង ០,៧៣ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាក OPPO, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១, បំពង់សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០៩, ដែកកេះចំនួន ០៤, កន្ត្រៃចំនួន ០២ និងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅខាងក្រោយផ្ទះឈ្មោះ ផល សុភា។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ សហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានចុះទៅដល់ទីតាំងកើតហេតុ និងរកឃើញជនសង្ស័យទាំងពីរនាក់កំពុងដេកនៅក្នុងរោងក្បែរកន្លែងចិញ្ចឹមមាន់។

តាមរយៈការសួរនាំ និងត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានរកឃើញថ្នាំញៀនលាក់ទុកនៅក្នុងកញ្ចប់បារី និងប្រអប់ដែក រួមទាំងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ បន្ទាប់មក ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ ផល សុភា ប៉ុន្តែពុំបានរកឃើញវត្ថុតាងពាក់ព័ន្ធបន្ថែមទៀតឡើយ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ការបង្ក្រាបនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្លាំងសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕