ស្នងការនគរបាលខេត្តកំពង់ធំ បញ្ចេញកម្លាំងជាង ៤០០នាក់ ការពារសុវត្ថិភាព និងសន្តិសុខថ្ងៃប្រឡងបាក់ឌុប (Video inside)
10-08-2026 15:10
(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ពង្រាយកម្លាំងនគរបាលជាង ៤០០នាក់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខពេញលេញ ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ការចាត់តាំងកម្លាំងនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សហភាពសហព័ន្ធយុវជនខេត្ត និងអាជ្ញាធរមូលដ្ឋាន។
លោកវរសេនីយ៍ឯក ម៉ង់ ពិទូ ស្នងការរងនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការដាក់ពង្រាយកម្លាំងនេះ គឺដើម្បីធានាថាដំណើរការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងគ្មានការរំខានណាមួយ។ កិច្ចខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយសម្រួលដល់បេក្ខជនប្រឡងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវទំនុកចិត្ត និងភាពកក់ក្តៅដល់អាណាព្យាបាល និងមហាជនទូទៅផងដែរ។ វិធានការនេះ គឺជាសកម្មភាពចាំបាច់បំផុត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលប្រឡង។
ការរៀបចំកម្លាំងការពារផ្តោតសំខាន់លើការរក្សាសន្តិសុខតាមមណ្ឌលប្រឡង ការពារភាពស្ងប់ស្ងាត់ និងទប់ស្កាត់រាល់ការរំខានផ្សេងៗជុំវិញបរិវេណមណ្ឌលប្រឡង ដើម្បីឱ្យបេក្ខជនមានអារម្មណ៍ស្ងប់ និងផ្តោតលើការធ្វើវិញ្ញាសារ។ ក្រៅពីនេះ ក៏មានការសម្រួលចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ និងមុខមណ្ឌលប្រឡង ដើម្បីចៀសវាងការកកស្ទះ និងជួយឱ្យបេក្ខជន ព្រមទាំងលោកគ្រូ អ្នកគ្រូ ធ្វើដំណើរបានទាន់ពេលវេលា។
លោក ម៉ង់ ពិទូ ក៏បានអំពាវនាវដល់អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ៕












