នាយិកានៃផ្ទះវប្បធម៌រុស្ស៊ី៖ ការប្រកួតប្រជែងក្នុងចំណោមនិស្សិតកម្ពុជា សម្រាប់ការទទួលបានកូតា ទៅសិក្សានៅរុស្ស៊ី កើនឡើងដល់កម្រិតខ្ពស់បំផុត
10-08-2026 15:00
(ភ្នំពេញ)៖ លោកស្រី Irina Tsatsulina នាយិកានៃផ្ទះវប្បធម៌រុស្ស៊ី បានលើកឡើងថា ក្នុងឆ្នាំ២០២៦ ការប្រកួតប្រជែងក្នុងចំណោមនិស្សិតកម្ពុជាសម្រាប់ការទទួលបានកូតាទៅសិក្សានៅប្រទេសរុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសពិធីជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍ និងប្រតិភូយុវជនកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
បើតាមលោកស្រីនាយិកា បានគូសបញ្ជាក់ថា មិនធ្លាប់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអប់រំឧត្តមសិក្សារបស់រុស្ស៊ីបែបនេះ អស់រយៈពេលជាយូរមកហើយ។
សូមជម្រាបថា ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៧០កន្លែង (ឬច្រើនជាងនេះបន្តិចតាមឆ្នាំសិក្សាជាក់ស្តែង) ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា សម្រាប់គ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត។ មាននិស្សិតជាង ៨ ០០០នាក់ បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី តាំងពីសម័យសហភាពសូវៀតមក។
នាឱកាសនោះដែរ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានលើកឡើងថា ក្នុងបរិបទនៃពិភពលោកដែលកំពុងផ្លាស់ប្តូរ និម្មាបនកម្មភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស ទំនាក់ទំនងប្រពៃណី និងមិត្តភាពដែកថែបរវាង កម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលបានពូនជ្រំអស់រយៈពេលជិត ៧ ទសវត្សរ៍មកនេះ នៅតែជាសសរទ្រូងយ៉ាងរឹងមាំ។ ការផ្ដល់អាហារូបករណ៍ និងការផ្លាស់ប្តូរយុវជន មិនមែនត្រឹមតែជាកិច្ចសហប្រតិបត្តិការអប់រំប៉ុណ្ណោះទេ ប៉ុន្តែជា «យុទ្ធសាស្ត្រទូតប្រជាជន និងទូតយុវជន» ដែលរួមចំណែកដល់ការកសាងពិភពលោកពហុប៉ូល (Muti-polar world) ប្រកបដោយសមធម៌ សន្តិភាព និងការអភិវឌ្ឍរួម។
លោកបានបន្តថា ចំពោះបងប្អូនដែលទើបបញ្ចប់ការសិក្សា សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យ។ សញ្ញាបត្រដែលបងប្អូនកាន់នៅក្នុងដៃ គឺជាឧបករណ៍នៃការផ្លាស់ប្តូរ។ សូមនាំយកចំណេះដឹង បច្ចេកវិទ្យា និងទស្សនវិស័យទូលំទូលាយពីសហព័ន្ធរុស្ស៊ី មកបម្រើបុព្វហេតុអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយធ្វើខ្លួនជា «ស្ពានចងភ្ជាប់មិត្តភាព» និងជាអ្នកតម្រង់ទិសដល់ជំនាន់ក្រោយ។
លោកបណ្ឌិត បានបន្ថែមថា ចំពោះប្អូនៗជ័យលាភីអាហារូបករណ៍ ៤០រូប (និងបម្រុង ១៥ រូប) ត្រូវបានជ្រើសរើសឱ្យសិក្សាលើមុខជំនាញយុទ្ធសាស្ត្រចម្រុះចាប់ពី ស្វ័យប្រវត្តិកម្ម, វិស្វកម្មកម្មវិធី, ថាមពលអគ្គិសនី និងនុយក្លេអ៊ែរ, រូបវិទ្យាកម្តៅ, មេកាត្រូនិក, មនុស្សយន្ត, វិស្វកម្មយន្តហោះ, រហូតដល់ វេជ្ជសាស្ត្រ, សន្តិសុខព័ត៌មាន, និងទំនាក់ទំនងអន្តរជាតិ។ មុខជំនាញទាំងអស់នេះ គឺជា «បេះដូងនៃបដិវត្តន៍ឧស្សាហកម្ម និងបច្ចេកវិទ្យាកម្ពុជា» នាពេលអនាគត។ សូមចងចាំថា «អាហារូបករណ៍គឺជាឱកាស ប៉ុន្តែការទទួលខុសត្រូវគឺជាកាតព្វកិច្ច»។ សូមប្រកាន់ខ្ជាប់នូវវិន័យ សុជីវធម៌ និងកិត្តិយសជាខ្មែរលើទឹកដីរុស្ស៊ី។
ចំណែក ចំពោះប្រតិភូយុវជន ១២ រូប ដែលនឹងចូលរួម មហោស្រពយុវជនពិភពលោក ២០២៦ ក្នុងចំណោមអ្នកចូលរួម ១០ ០០០ នាក់ មកពី ១៩០ ប្រទេស លោកបានចាត់ទុកថា ប្អូនៗគឺជា «ទូតសុឆន្ទៈតំណាងឱ្យជាតិកម្ពុជា»។ សូមប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញពីវប្បធម៌ដ៏ថ្លៃថ្លា ឆន្ទៈសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនរបស់កម្ពុជា ក្រោមជំហរផ្លូវការ និងច្បាប់អន្តរជាតិ ហើយសូមបង្កើតបណ្តាញទំនាក់ទំនងឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោក អ៊ុន សាវន ប្រធានកិត្តិយសនៃសមាគម បានរំលឹកថា សហភាពសូវៀត និងបន្ទាប់មក សហព័ន្ធរុស្ស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញក្នុងសតវត្សទី២០។
តំណាងសមាគម និងនិស្សិតដែលបានបញ្ចប់ការសិក្សា បានអបអរសាទរដល់និស្សិតឆ្នាំទី១ នាពេលខាងមុខ និងអ្នកចូលរួមមហោស្រព ដោយជូនពរឱ្យពួកគេទទួលបានជោគជ័យ និងសំណាងល្អ។ ពួកគេក៏បានថ្លែងអំណរគុណដល់ក្រុមការងារនៃផ្ទះវប្បធម៌រុស្ស៊ី ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាច្រើនឆ្នាំកន្លងមក។
នៅក្នុងផ្នែកទីពីរនៃកិច្ចជួបជុំ លោក ណោង រិទ្ធី ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរុស្ស៊ី និងជាសមាជិកសមាគម បានណែនាំអំពីសកម្មភាពរបស់សមាគម ចាប់ពីការរៀបចំព្រឹត្តិការណ៍រួមជាមួយស្ថាប័នរដ្ឋ និងអង្គការសង្គម រហូតដល់ការជួយនិស្សិតដោះស្រាយបញ្ហាផ្សេងៗដែលពួកគេអាចជួបប្រទះក្នុងអំឡុងពេលសិក្សានៅប្រទេសរុស្ស៊ី។ កិច្ចជួបជុំបានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយ ដែលនិស្សិតអនាគតអាចសួរសំណួរអំពីការសិក្សា និងជីវិតប្រចាំថ្ងៃនៅប្រទេសរុស្ស៊ី៕






















