ក្រសួងបរិស្ថាន បន្តរួមចំណែកពង្រឹងធនធានមនុស្ស តាមរយៈកម្មវិធីកម្មសិក្សាសម្រាប់និស្សិត
10-08-2026 14:59
(ភ្នំពេញ)៖ មន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព តាមរយៈការផ្តល់ឱកាសដល់និស្សិតមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមកម្មសិក្សាជាក់ស្តែង។ កម្មវិធីនេះមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងរបស់និស្សិត ស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍវិស័យបរិស្ថាន។
គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរពិសោធន៍ក្រសួងបរិស្ថាន បានទទួលនិស្សិតចុះកម្មសិក្សាចំនួន ៦១នាក់ ដែលមកពីសាកលវិទ្យាល័យល្បីៗដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាប្រទេសជប៉ុន។
ក្នុងអំឡុងពេលកម្មសិក្សា និស្សិតទាំងអស់បានទទួលបទពិសោធន៍ផ្ទាល់ក្នុងការស្វែងយល់អំពីប្រភពនៃការបំពុលបរិស្ថាន ការសិក្សាពីលក្ខណៈរូប និងលក្ខណៈគីមី ការយកសំណាក និងការវិភាគគុណភាពទឹកលើប៉ារ៉ាម៉ែត្រសំខាន់ៗជាច្រើន រួមមាន៖ កម្រិតអាស៊ីត-បាស (pH) បរិមាណសារធាតុរឹងអណ្តែតក្នុងទឹក (TSS) តម្រូវការអុកស៊ីសែនបែបគីមីជីវៈ (BOD) តម្រូវការអុកស៊ីសែនបែបគីមី (COD) បរិមាណអាសូតសរុប (TN) បរិមាណផូស្វ័រសរុប (TP) និងការពិនិត្យប្រេង និងខ្លាញ់ក្នុងទឹក។
លើសពីនេះ និស្សិតក៏បានអនុវត្តជាក់ស្តែងនូវបច្ចេកទេសនៃការយក និងរក្សាទុកសំណាក ក៏ដូចជាការធ្វើការវិភាគលើសំណាកផ្សេងទៀតដូចជា សំណាកដី បន្លែ និងផ្លែឈើជាដើម។ កម្មវិធីកម្មសិក្សានេះមិនត្រឹមតែជួយឱ្យនិស្សិតទទួលបានចំណេះដឹងស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះស្មារតីស្រាវជ្រាវ និងការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមការពារ និងថែរក្សាបរិស្ថានសម្រាប់អនាគតផងដែរ។ ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕










