FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ចាម មានបេក្ខជនប្រឡងបាក់ឌុបចំនួន ៩,៧៣៦នាក់

10-08-2026 14:57

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងពិធីនោះ ក៏មានការចូលរួមពី លោក ឡៅ ឈាអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាម និងលោក ម៉ឹង សូដាឬទ្ធី ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក អ៊ុន ចាន់ដា បានយកចិត្តទុកដាក់ពិនិត្យមើលដំណើរការរៀបចំការប្រឡង និងបានថ្លែងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យខិតខំប្រឹងប្រែងបំពេញវិញ្ញាសាដោយសមត្ថភាពពិតប្រាកដ និងចំណេះដឹងរបស់ខ្លួន ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជានៃការប្រឡង ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរ។

យោងតាមរបាយការណ៍ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា បេក្ខជនសរុបចំនួន ៩,៧៣៦នាក់ ក្នុងនោះស្រី ៥,៧៣៤នាក់ បានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃនេះ។ ការប្រឡងត្រូវបានរៀបចំឡើងនៅទូទាំង ១៦មណ្ឌលប្រឡង ក្នុងនោះ ៥មណ្ឌលសម្រាប់វិទ្យាសាស្ត្រ និង ១១មណ្ឌលសម្រាប់វិទ្យាសាស្ត្រសង្គម។

មណ្ឌលប្រឡងទាំងនេះមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកជើងព្រៃ និងបន្ថែមមណ្ឌលថ្មីមួយទៀតនៅក្នុងស្រុកកងមាស៕