FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តក្រចេះ មានបេក្ខជនប្រឡងបាក់ឌុបសរុប ២.៦៦៩នាក់

10-08-2026 14:54

(ក្រចេះ)៖ ដំណើរការរៀបចំ និងការបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រឡងទាំង៥ ក្នុងខេត្តក្រចេះ បានប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយប្រតិភូអមដំណើរ និងគណៈមេប្រយោគ បានអញ្ជើញពិនិត្យប្រអប់ដែក និងកាត់បើកស្រោមវិញ្ញាសាប្រឡងដោយផ្ទាល់ ចំពោះមុខបេក្ខជនទាំងអស់ នៅមណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក្នុងការធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងគ្មានភាពមិនប្រក្រតីណាមួយឡើយ។

តាមការបញ្ជាក់របស់លោក ធាន ហេង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តក្រចេះមានមណ្ឌលប្រឡងចំនួន៥ (មណ្ឌលវិទ្យាសាស្ត្រ២ និងមណ្ឌលវិទ្យាសាស្ត្រសង្គម៣)។ មានបេក្ខជនសរុប ២.៦៦៩នាក់ ក្នុងនោះស្រី ១.៤៤៧នាក់ បានចូលរួមប្រឡង។ ចំណែកឯគណៈមេប្រយោគមានចំនួន ៣៥៧នាក់ ក្នុងនោះស្រី ១៣៩នាក់។

មណ្ឌលប្រឡងទាំង៥ រួមមាន៖ មណ្ឌលវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ និងមណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ (ជើង) សម្រាប់វិទ្យាសាស្ត្រ។ រីឯមណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ (ត្បូង) មណ្ឌលវិទ្យាល័យខូវប៊ុនស៊ុន និងមណ្ឌលសាកលវិទ្យាល័យក្រចេះ សម្រាប់វិទ្យាសាស្ត្រសង្គម។ ដំណើរការប្រឡងដ៏រលូននេះ គឺជាសក្ខីភាពបញ្ជាក់ពីការត្រៀមលក្ខណៈបានល្អប្រសើរ និងកិច្ចសហការរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវលទ្ធផលប្រកបដោយគុណភាព និងភាពជឿជាក់សម្រាប់អនាគតយុវជនកម្ពុជា៕