បេក្ខជនជាង ៥ពាន់នាក់នៅខេត្តស្វាយរៀង ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦
10-08-2026 14:52
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តស្វាយរៀង និងតំណាងក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។
ពិធីបើកនេះបានប្រព្រឹត្តទៅនៅមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានឱ្យដឹងថា មានបេក្ខជនសរុបចំនួន ៥,២៤០ នាក់ (ស្រី ២,៩៦៦ នាក់) បានដាក់ពាក្យប្រឡងនៅតាមមណ្ឌលប្រឡងចំនួន ៨ ក្នុងខេត្ត។ ក្នុងនោះមាន ១ មណ្ឌលសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ៧ មណ្ឌលសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ប៉េង ពោធិ៍សា បានថ្លែងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងធ្វើវិញ្ញាសាឱ្យបានល្អបំផុត គោរពបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដោយជៀសវាងការលួចចម្លង ឬប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។
លោកបានជូនពរឱ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង និងបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បេក្ខជនដែលទទួលបាននិទ្ទេសល្អ (A)។
ការរៀបចំមណ្ឌលប្រឡងទាំងអស់ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការរវាងមន្ទីរ និងគណៈនាយកសាលា ដើម្បីធានាថាដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលប្រកបដោយគុណភាព៕














