អភិបាលខេត្តកំពត បន្តផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សនិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦
10-08-2026 14:49
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រកាសបញ្ជាក់ជាថ្មីថា សម្រាប់ឆ្នាំ២០២៦នេះ បេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយទទួលបាននិទ្ទេស A នៅតែនឹងទទួលបានរង្វាន់ម៉ូតូ ១គ្រឿងដដែល។
ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង។
នាឱកាសនោះ លោកអភិបាលខេត្តបានផ្តល់កម្លាំងចិត្តយ៉ាងមុតមាំដល់បេក្ខជនទាំងអស់ ឱ្យខិតខំបញ្ចេញសមត្ថភាពពេញលេញ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ដែលជាការតបស្នងសងគុណឪពុកម្តាយ និងចូលរួមអភិវឌ្ឍន៍ជាតិ។
លោកបានសង្កត់ធ្ងន់ថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពជាច្រើននៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលកំពុងត្រូវបានពង្រឹងគុណភាព និងកំណែទម្រង់ ដើម្បីប្រសូត្របាននូវធនធានមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ។
លោកបណ្ឌិត ម៉ៅ ធនិន បានបន្តថា ការប្រឡងបាក់ឌុបបច្ចុប្បន្នមានការរឹតបន្តឹងខ្លាំង ស្របតាមទិសស្លោក “អ្នកចេះ គឺជាប់” ដើម្បីចម្រាញ់យកអ្នកដែលមានសមត្ថភាពពិតប្រាកដ សម្រាប់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា។ លោកបានជំរុញឱ្យបេក្ខជនទាំងអស់ប្រឹងប្រែងធ្វើកិច្ចការប្រឡងឱ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមយកនិទ្ទេស A ឱ្យបានច្រើនជាងឆ្នាំមុន ដែលមានចំនួន ៨៨នាក់។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពត រួមជាមួយលោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នឹងរៀបចំផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សនិទ្ទេស A។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានឧបត្ថម្ភអង្ករ និងត្រីខកំប៉ុង ព្រមទាំងផ្តល់កន្លែងស្នាក់នៅដល់បេក្ខជនដែលមានជីវភាពខ្វះខាត និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការថែរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្រួលដល់បេក្ខជនដែលមានបញ្ហាសុខភាពនៅតាមមណ្ឌលប្រឡងទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្នុងខេត្តកំពត មានបេក្ខជនសរុបចំនួន ៥,២២៨នាក់ ស្រី ៣,០៥៣នាក់ ដោយមានមណ្ឌលប្រឡងចំនួន ១០ កន្លែង៕












