បណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានប្រើយន្តការមេធាវី ដើម្បីការពារអ្នកស្រឡាញ់បរិស្ថាន និងភាពស្អាតស្អំបរិស្ថានកម្ពុជា
10-08-2026 14:41
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបរិស្ថានបាននិងកំពុងប្រើប្រាស់យន្តការមេធាវី ដើម្បីការពារអ្នកស្រឡាញ់បរិស្ថាន និងធានានូវភាពស្អាតស្អំនៃបរិស្ថានកម្ពុជា ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព។
ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពហុភាគីរយៈពេលពីរថ្ងៃស្ដីពី «ហិរញ្ញប្បទានសម្រាប់តំបន់ទេសភាព និងកសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីតំណាងដៃគូរាជរដ្ឋាភិបាលកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យកសិធុរកិច្ច ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងសហគមន៍ ដែលរៀបចំដោយអង្គការ WWF-កម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើម «បៃតង ២.១» ក្រសួងបានបើកទូលាយនូវកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកស្រឡាញ់បរិស្ថាន សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថានកម្ពុជា។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា បញ្ហាបរិស្ថានមិនមែនជាបញ្ហាដាច់ដោយឡែកសម្រាប់តែកម្ពុជាទេ ប៉ុន្តែជាកិច្ចការរួមគ្នាទូទាំងសកលលោក ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ បើកម្ពុជា មានអព្យាក្រឹត្យកាបូនតែឯង ប្រទេសជិតខាងមិនមានអព្យាក្រឹត្យកាបូនទេ នោះយើងមិនអាចទៅរួចទេ ពីព្រោះបញ្ហាបរិស្ថាន មិនមានព្រំដែនកំណត់នោះទេ។
ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា រាល់កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រសួងតែងតែផ្តល់មេធាវី ដើម្បីធានាថាការងារទាំងអស់មានសុក្រឹត្យភាពជាមួយច្បាប់។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ក្រសួងបើកទូលាយចំពោះកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបុព្វហេតុបរិស្ថាន។ ហើយក្រសួងបរិស្ថាន មិនមានអ្វីលាក់បាំង ឬក៏ខ្លាចញញើត និងមិនចង់ឱ្យវិស័យបរិស្ថានរបស់កម្ពុជា នៅដាច់ដោយឡែកតែឯងនោះទេ។ «យើងជាផ្នែកមួយនៃពិភពលោក យើងត្រូវតែធ្វើការរួមគ្នា»។
ពាក់ព័ន្ធនឹងការងារអនុវត្តច្បាប់, លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «រាល់កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្រសួងតែងតែផ្តល់នូវមេធាវី ដើម្បីធ្វើយ៉ាងណាឱ្យរាល់ការងារទាំងអស់ មានសុក្រឹត្យភាពជាមួយច្បាប់។ បើគ្មានមេធាវីទេ អនុវត្តច្បាប់ ១០០ភាគរយ មិនបាននោះទេ ចំពោះអ្នកដែលស្រឡាញ់បរិស្ថាន និងការពារបរិស្ថាន មេធាវីក៏ការពារគាត់ដែរ ថ្មីៗនេះយើងបានអញ្ជើញអ្នកស្រឡាញ់បរិស្ថាន មកក្រសួងបរិស្ថាន ដើម្បីជម្រាបឱ្យច្បាស់ថា ក្រសួងរិស្ថាន អនុវត្តច្បាប់ ១០០ភាគរយ បើធ្វើត្រូវ យើងជូនមេធាវី ដើម្បីការពារក្តីគាត់មិនឱ្យអ្នកណាប៉ះពាល់គាត់ទេ»។
ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរម្លឹក និងបង្ហាញការសោកស្តាយ បន្ទាប់ពីក្រសួងបរិស្ថាន បានអញ្ជើញលោក ម៉ា ចិត្រា ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MaChettra ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មានព្រមទាំងភស្តុតាងពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានអំពីការកាប់ឈើនៅតំបន់ព្រៃឡង់ ប៉ុន្តែ បែរជាមានអ្នកលេងបណ្តាញសង្គមមួយចំនួនតូចលើកឡើងថា ក្រសួងបរិស្ថាន ប្រើប្រាស់មេធាវី ដើម្បីដាក់សម្ពាធទៅលោក ម៉ា ចិត្រា ទៅវិញ។
«កុំយល់ច្រឡំ គោលដៅចម្បងរបស់មេធាវី ក្រសួងបរិស្ថាន គឺដើម្បីការពារភាពត្រឹមត្រូវរបស់គាត់ កុំមិនចេះ ធ្វើជាចេះ ការអនុវត្តច្បាប់យើងជាប្រជាជនកម្ពុជា នៅពេលណាប្រឈមនឹងផ្លូវច្បាប់ យើងត្រូវការមេធាវី អ៊ឹចឹងហើយបានជាយើងមានមេធាវី នៅក្រសួងបរិស្ថាន ចាំជួយការពារក្តីគ្រប់គ្នាទាំងអស់ មិនតែមន្ត្រី ថ្នាក់ដឹកនាំ មិនមែនតែឧទ្យានុរក្សយើងទេ ទាំងអស់ស្រឡាញ់បរិស្ថាន និងសង្គមស៉ីវិលផងដែរ»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា៖ ការអភិរក្ស និងស្ដារធម្មជាតិ មិនត្រឹមតែជាកាតព្វកិច្ចផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគសម្រាប់វិបុលភាពរបស់កម្ពុជានាពេលអនាគតផងដែរ។ សំណួរនាពេលនេះមិនមែនថា តើយើងគួរវិនិយោគលើធម្មជាតិ ឬអត់នោះទេ ប៉ុន្តែ គឺថាតើយើងអាចកៀរគរហិរញ្ញប្បទានក្នុងទំហំគ្រប់គ្រាន់ ដើម្បីគាំទ្រប្រព័ន្ធផលិតកម្មវិជ្ជមានចំពោះធម្មជាតិ និងការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយចីរភាពយ៉ាងដូចម្ដេច។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា ការងារនេះតម្រូវឱ្យមានកិច្ចសហការកាន់តែរឹងមាំរវាងរាជរដ្ឋាភិបាល គ្រឹះស្ថាន ហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីបង្កើតដំណោះស្រាយដែលមានសក្តានុពលទាក់ទាញការវិនិយោគ និងផ្ដល់ផលវិជ្ជមានដល់ជីវៈចម្រុះអាកាសធាតុ ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ច។ តាមរយៈភាពស្របគ្នាចំពោះការផ្ដល់ហិរញ្ញវត្ថុឱ្យស្របតាមគោលដៅចីរភាពកម្ពុជាអាចទាក់ទាញប្រភពមូលធនថ្មីៗ និងកសាងតំបន់ទេសភាពដែលមានភាពធន់ ព្រមទាំងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ទាំងប្រជាជន និងធម្មជាតិ៕




















