លោក អ៊ុំ រាត្រី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៧ភូមិ ក្នុងក្រុងសិរីសោភ័ណ
10-08-2026 14:36
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៧ភូមិ នៃ២សង្កាត់ គឺសង្កាត់កោះពង់សត្វ និងសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ។ ពិធីនេះត្រូវបានរៀបចំឡើងនៅវត្តអង្គាបុស្ស សង្កាត់កោះពង់សត្វ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យ បានបញ្ចប់ការវាស់វែងសរុប ៧៥៥ ០៧៩ ក្បាលដី និងបានចេញបណ្ណរួចចំនួន ៣៤៥ ២៦១ ក្បាលដី។
ចំពោះក្រុងសិរីសោភ័ណ មានក្បាលដីសរុប ៦១ ៤៩៥ ក្បាលដី និងបានចេញបណ្ណចំនួន ៤៥ ៦០៥ ក្បាលដី។ ក្នុងចំណោមបណ្ណចំនួន ៥៣០៤ ដែលត្រូវចែកជូនប្រជាពលរដ្ឋ ៧ភូមិ មាន ៣០៧ ក្បាលដី មិនអាចចេញបណ្ណបាន ដោយសារម្ចាស់មិនបានបំពេញឯកសារ និងករណីទំនាស់ដីធ្លី។
លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីមានសារៈសំខាន់ណាស់ សម្រាប់កាត់បន្ថយជម្លោះព្រំដី និងធានាបាននូវកម្មសិទ្ធិស្របច្បាប់។
លោកក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាទុកប័ណ្ណឱ្យបានល្អ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបាត់បង់ ឬខូចខាត។ យុទ្ធនាការចែកវិញ្ញាបនបត្រនេះ នឹងប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦៕





















