FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្រឡងបាក់ឌុបនៅខេត្តតាកែវ មានបេក្ខជន ៤៨នាក់ និងគណៈមេប្រយោគ ៩នាក់ អវត្តមាន

10-08-2026 14:32

(តាកែវ)៖ នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តតាកែវ មានបេក្ខជនប្រឡងចំនួន ៤៨នាក់ និងគណៈមេប្រយោគចំនួន ៩នាក់ បានអវត្តមាន។

លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានថ្លែងឲ្យដឹងថា បេក្ខជនអវត្តមានទាំង ៤៨នាក់ ស្មើនឹង ០,៥០ ភាគរយ គឺជាសិស្សប្រឡងថ្នាក់វិទ្យាសាស្ត្រសង្គម ខណៈដែលថ្នាក់វិទ្យាសាស្ត្រ មិនមានសិស្សអវត្តមាននោះទេ។

ចំពោះគណៈមេប្រយោគចំនួន ៩នាក់ ដែលអវត្តមាននោះ មានស្រី ២នាក់ ដោយមូលហេតុសុំច្បាប់ឈឺចំនួន ៦នាក់ ម្នាក់ទៀតជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈម្នាក់ទៀតជាប់មើលថែកូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ទោះបីជាមានការអវត្តមានមួយចំនួនក្តី លោកប្រធានមន្ទីរ បានបញ្ជាក់ថា សុវត្ថិភាពមណ្ឌលប្រឡង សុវត្ថិភាពវិញ្ញាសា និងកិច្ចការបេក្ខជនប្រឡង គឺមានសភាពស្ងប់ស្ងាត់ល្អ។

បេក្ខជនគ្រប់មណ្ឌលទាំងអស់នៅក្នុងខេត្តតាកែវ បានអនុវត្តបទបញ្ញត្តិរបស់បេក្ខជនបានយ៉ាងល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ការប្រឡងបានប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរ៕