FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យបេក្ខជនទាំងអស់ខិតខំបញ្ចេញសមត្ថភាពក្នុងការប្រឡង ដើម្បីក្លាយជាមូលធនមនុស្សដ៏មានសក្តានុពលពិតប្រាកដ

10-08-2026 14:29

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមជាមួយលោក ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រឡងចំនួន៨ ទូទាំងខេត្ត គឺនៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដែលមានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ៥.០៥៣នាក់។ ដោយឡែក ថ្នាក់វិទ្យាសាស្ត្រមានតែ១មណ្ឌលប៉ុណ្ណោះ គឺមណ្ឌលវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅក្រុងកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអនុវត្តជំហរយ៉ាងម៉ឺងម៉ាត់ចំពោះការប្រឡងនេះ ធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «អ្នកចេះ គឺជាប់»

លោកបានជំរុញឱ្យបេក្ខជនទាំងអស់ខិតខំបញ្ចេញអស់សមត្ថភាពក្នុងការប្រឡង ដើម្បីក្លាយជាមូលធនមនុស្សដ៏មានសក្តានុពលពិតប្រាកដ ស្របតាមកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

អភិបាលខេត្តក៏បានបន្ថែមថា តាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីមន្ត្រីក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដំណើរការប្រឡងនៅគ្រប់មណ្ឌល គឺប្រព្រឹត្តទៅដោយរលូន ស្របតាមបទបញ្ជា និងគ្មានអំពើពុករលួយកើតឡើងឡើយ។

បេក្ខជនមិនត្រូវបានអនុញ្ញាតឱ្យយកសំណៅឯកសារ ម៉ាស៊ីនគិតលេខ ឬទូរស័ព្ទចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានរៀបចំឡើងប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាពខ្ពស់ ដើម្បីធានាបាននូវលទ្ធផលពិតប្រាកដ៕