ខេត្តបាត់ដំបង មានបេក្ខជនប្រឡងបាក់ឌុបជាង ៩,០០០នាក់ ដោយអនុវត្តតាមគោលការណ៍ «អ្នកចេះ គឺជាប់» ឈរលើច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន
10-08-2026 14:25
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់ ក្នុងក្រុងបាត់ដំបង។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ រដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថការពារសន្តិសុខ ទប់ស្កាត់ការដំឡើងថ្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ព្រមទាំងរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនខ្វះខាត និងសម្រួលការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃនៅតាមមណ្ឌលប្រឡង។ លើសពីនេះ ក្រុមគ្រូពេទ្យក៏ត្រូវបានរៀបចំប្រចាំការផងដែរ។
លោក សុខ លូ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យប្រមូលស្មារតី និងចំណេះដឹងដែលបានខិតខំសិក្សាកន្លងមក ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ លោកបង្ហាញក្តីរំពឹងថា ការប្រឡងបាក់ឌុបនៅខេត្តបាត់ដំបង នឹងប្រព្រឹត្តទៅដោយរលូន និងមានអ្នកជាប់កើនឡើងច្រើនជាងឆ្នាំមុន។
សម្រាប់ការប្រឡងឆ្នាំ២០២៦នេះ ខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន ១៤មណ្ឌល ចែកចេញជា ៣៨០បន្ទប់ ជាមួយបេក្ខជនសរុបជាង ៩,០០០នាក់ ដោយអនុវត្តតាមគោលការណ៍ «អ្នកចេះគឺជាប់» ឈរលើច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន៕










