FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ពង្រឹងភាពជាដៃគូ ដើម្បីកៀរគរហិរញ្ញប្បទានសមាប់តំបន់ទសភាព ជំរុញកសិកម្មដលមិនប៉ះពាល់ដល់ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព

10-08-2026 11:57

(ភ្នំពេញ)៖ តំណាងជាង ៨០នាក់មកពីដៃគូរាជរដ្ឋាភិបាលកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យកសិធុរកិច្ច ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងសហគមន៍ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចូលរួមសិក្ខាសាលាពហុភាគីរយៈពេលពីរថ្ងៃស្ដីពី «ហិរញ្ញប្បទានសម្រាប់តំបន់ទេសភាព និងកសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» ដែលរៀបចំដោយអង្គការ WWF-កម្ពុជា។

សិក្ខាសាលានេះមានគោលបំណងពង្រឹងការយល់ដឹងអំពីវិធីសាស្ត្រហិរញ្ញប្បទានសម្រាប់តំបន់ទេសភាពរបស់អង្គការ WWF ដែលជាក្របខណ្ឌយុទ្ធសាស្ត្រសម្រាប់កៀរគរ និងសម្របទៅនឹងហិរញ្ញប្បទានពីវិស័យសាធារណៈ វិស័យឯកជន និងជំនួយមូលនិធិ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជន ធម្មជាតិ និងសេដ្ឋកិច្ច។

វិធីសាស្ត្រនេះរួមបញ្ចូល «Financing Green» ដែលសំដៅលើការកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាពវិជ្ជមានចំពោះធម្មជាតិ និង «Greening the Finance» ដែលសំដៅលើភាពស្របគ្នាទៅនឹងលំហូរហិរញ្ញវត្ថុ និងការសម្រេចចិត្តផ្នែកវិនិយោគឱ្យស្របតាមគោលដៅបរិស្ថាន និងសង្គម។

អ្នកចូលរួមនឹងសិក្សាស្វែងយល់តាមរយៈវេទិកាសិក្សាអន្តរកម្មរបស់អង្គការ WWF និងរួមគ្នាកំណត់ឱកាសដើម្បីប្រែក្លាយអាទិភាពនៃការគ្រប់គ្រងតំបន់ទេសភាពរបស់កម្ពុជាទៅជាមាគ៌ាវិនិយោគដែលមានការសម្របសម្រួល និងអាចទាក់ទាញការវិនិយោគ ជាពិសេសនៅតំបន់ទំនាបលិចទឹកនៃទន្លេមេគង្គ។

សិក្ខាសាលានេះគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជា «ប្រជាជនធម្មជាតិ និងវិបុលភាព» ដោយទទួលស្គាល់ថាការអភិវឌ្ឍសេដ្ឋកិច្ច ចីរភាពបរិស្ថាន និងសុខុមាលភាពសង្គម គឺជាធាតុដែលពឹងផ្អែក និងគាំទ្រគ្នាទៅវិញទៅមក។ សិក្ខាសាលានេះក៏រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ និងផែនការសកម្មភាពជីវៈចម្រុះជាតិ (NBSAP) ការចូលរួមកំណត់ដោយជាតិ (NDC 3.0) និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្រោមអនុសញ្ញាស្ដីពីជីវៈចម្រុះ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សិក្ខាសាលានេះក៏រួមចំណែកគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍ទូលំទូលាយរបស់កម្ពុជា តាមរយៈការស្វែងយល់ពីរបៀបដែលហិរញ្ញប្បទានប្រកបដោយចីរភាពអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចបៃតង សន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងនៃវិស័យកសិកម្មកម្ពុជា។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានភាពជាដៃគូកាន់តែរឹងមាំ និងយន្តការហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្ដោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដោយផ្តោតលើការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កំណើនសេដ្ឋកិច្ចបៃតង ការបង្កើនគម្របព្រៃឈើឱ្យច្រើន និងអព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា៖ «ការអភិរក្ស និងស្ដារធម្មជាតិ មិនត្រឹមតែជាកាតព្វកិច្ចផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគសម្រាប់វិបុលភាពរបស់កម្ពុជានាពេលអនាគតផងដែរ។ សំណួរនាពេលនេះមិនមែនថា តើយើងគួរវិនិយោគលើធម្មជាតិ ឬអត់នោះទេ ប៉ុន្តែ គឺថាតើយើងអាចកៀរគរហិរញ្ញប្បទានក្នុងទំហំគ្រប់គ្រាន់ ដើម្បីគាំទ្រប្រព័ន្ធផលិតកម្មវិជ្ជមានចំពោះធម្មជាតិ និងការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយចីរភាពយ៉ាងដូចម្ដេច។ ការងារនេះតម្រូវឱ្យមានកិច្ចសហការកាន់តែរឹងមាំរវាងរាជរដ្ឋាភិបាល គ្រឹះស្ថាន ហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ដើម្បីបង្កើតដំណោះស្រាយដែលមានសក្តានុពលទាក់ទាញការវិនិយោគ និងផ្ដល់ផលវិជ្ជមានដល់ជីវៈចម្រុះអាកាសធាតុ ជីវភាពរស់នៅ និងកំណើនសេដ្ឋកិច្ច។ តាមរយៈភាពស្របគ្នាចំពោះការផ្ដល់ហិរញ្ញវត្ថុឱ្យស្របតាមគោលដៅចីរភាពកម្ពុជាអាចទាក់ទាញប្រភពមូលធនថ្មីៗ និងកសាងតំបន់ទេសភាពដែលមានភាពធន់ ព្រមទាំងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ទាំងប្រជាជន និងធម្មជាតិ»

តំបន់ទេសភាពខ្ពង់រាបភាគខាងកើត ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់ និងជាតំបន់ព្រៃរបោះមួយដែលមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្តល់ឱកាសជាពិសេសក្នុងការបង្ហាញថាការគ្រប់គ្រងតំបន់ទេសភាពប្រកបដោយសមាហរណកម្ម និងកសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ គឺអាចរួមចំណែកអភិរក្សជីវៈចម្រុះដែលមានសារៈសំខាន់ជាសកល ព្រមទាំងគាំទ្រដល់ជនជាតិដើមភាគតិច សហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងនាមជាតំបន់ទេសភាពអាទិភាពសម្រាប់ការអភិរក្ស តំបន់នេះក៏ផ្ដល់ឱកាសដ៏សំខាន់សម្រាប់សាកល្បងនូវដំណោះស្រាយហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ដែលអាចផ្តល់ជាមេរៀន និងពង្រីកការអនុវត្តទៅកាន់តំបន់ទេសភាពផ្សេងទៀតនៅកម្ពុជា។

ចំពោះលោក Janes Imanuel Ginting នាយកអង្គការ WWF-កម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលា នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពស្របគ្នានៃហិរញ្ញប្បទាន គោលនយោបាយ និងភាពជាដៃគូ ដើម្បីសម្រេចបានលទ្ធផលរយៈពេលវែងសម្រាប់ការអភិរក្ស និងការអភិវឌ្ឍ។

នាយកអង្គការ WWF-កម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖ «ប្រព័ន្ធអេកូឡូស៊ី ដែលមានភាពរឹងមាំ និងមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដែលមានភាពធន់ និងសហគមន៍ដែលមានវិបុលភាព។ តាមរយៈហិរញ្ញប្បទានសម្រាប់តំបន់ទេសភាព យើងអាចសហការជាមួយ រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មករួមគ្នាវិនិយោគលើតំបន់ទេសភាពដែលផ្ដល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជន ធម្មជាតិ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ រួមគ្នាយើងអាចបង្ហាញថាការអភិរក្ស និងការអភិវឌ្ឍមិនមែនជាអាទិភាពដែលប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែជាការវិនិយោគដែលបំពេញបន្ថែមគ្នាសម្រាប់អនាគតរបស់កម្ពុជា»

លោកបានបន្តថា ការវិនិយោគពីថវិកាសាធារណៈតែមួយមុខ នឹងមិនគ្រប់គ្រាន់សម្រាប់សម្រេចគោលដៅ អាកាសធាតុ និងជីវៈចម្រុះរបស់កម្ពុជានោះទេ។គោលបំណងសំខាន់មួយរបស់សិក្ខាសាលានាពេលនេះ គឺជាការចូលរួមពីតំណាងដៃគូរាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យកសិធុរកិច្ច ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងសហគមន៍ ដើម្បីរួមគ្នាកំណត់ឱកាសអាទិភាពសម្រាប់តំបន់ទេសភាព លក្ខខណ្ឌអំណោយផលដៃគូអនុវត្ត និងមាគ៌ាវិនិយោគដែលអាចបង្កើតទាំងផលប្រយោជន៍ផ្នែកបរិស្ថាន និងផលចំណេញផ្នែកសេដ្ឋកិច្ច។

សិក្ខាសាលានឹងពិនិត្យផងដែរអំពីរបៀបដែលថវិកាសាធារណៈ និងជំនួយមូលនិធិ អាចដើរតួនាទីជាកម្លាំងជំរុញដ៏សំខាន់ក្នុងការគាំទ្រការវិភាគ និងវាយតម្លៃក្នុងតំបន់ទេសភាព ការរៀបចំគម្រោងការបង្កើតលក្ខខណ្ឌអំណោយផល និងការកាត់បន្ថយហានិភ័យព្រមទាំងជួយកៀរគរការចូលរួមពីវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍។

ដំណោះស្រាយដែល អាចអនុវត្តបានរួមមានហិរញ្ញវត្ថុបៃតង ហិរញ្ញប្បទានរួម ហិរញ្ញប្បទានសម្រាប់អាកាសធាតុ និងជីវៈចម្រុះ ព្រមទាំងវិធានការក្នុងវិស័យហិរញ្ញវត្ថុដែលជំរុញការបង្វែរលំហូរមូលធនឆ្ពោះទៅរកកសិកម្ម ដែលមិនប៉ះពាល់ដល់ធម្មជាតិ និងការស្តារប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការវិនិយោគលើសកម្មភាពដែលផ្តល់ផលប៉ះពាល់ដល់ភាពធន់ក្នុងតំបន់ទេសភាព។

លោក Chris Howe នាយកផ្នែកកម្មវិធី និងផលសម្រេចនៃការងារអភិរក្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ WWF អន្តរជាតិ បានគូសបញ្ជាក់ពីសន្ទុះកាន់តែខ្លាំងក្នុងការជំរុញហិរញ្ញប្បទានសម្រាប់តំបន់ទេសភាពនៅទូទាំងតំបន់។

«នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក យើងកំពុងឃើញការទទួលស្គាល់កាន់តែច្បាស់ថា ធម្មជាតិ គឺជាទ្រព្យសម្បត្តិធម្មជាតិ និងសេដ្ឋកិច្ចដ៏មានតម្លៃបំផុតមួយរបស់យើង។ កម្ពុជាមានឱកាសក្លាយជាប្រទេសឈានមុខ តាមរយៈការបង្ហាញថា ហិរញ្ញប្បទាន សម្រាប់តំបន់ទេសភាពអាចភ្ជាប់ការអភិរក្ស កសិកម្មប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន។ តាមរយៈកិច្ចសហការរវាងគ្រប់វិស័យ យើងអាចកៀរគរវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដែលអាចវាស់វែងបានដល់ជីវៈចម្រុះ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធស្បៀងអាហារ និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»។ នេះជាការលើកឡើងបន្ថែមរបស់នាយកផ្នែកកម្មវិធី និងផលសម្រេចនៃការងារអភិរក្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ WWF អន្តរជាតិ។

ក្នុងរយៈពេលពីរថ្ងៃនេះអ្នកចូលរួមនឹងពិភាក្សាអំពីយន្តការហិរញ្ញប្បទានជាក់ស្តែង ផ្លាស់ប្តូរបទពិសោធន៍ក្នុងតំបន់ កំណត់ឧបសគ្គ និងឱកាសពង្រឹងភាពជាដៃគូ និងរៀបចំអនុសាសន៍ ដើម្បីជំរុញហិរញ្ញប្បទានសម្រាប់តំបន់ទេសភាពនៅកម្ពុជា។ ស្របតាមវិធីសាស្ត្រ LFA របស់អង្គការ WWF សិក្ខា សាលានេះនឹងផ្សារភ្ជាប់ហានិភ័យ និងឱកាសនៅក្នុងតំបន់ទេសភាព ជាមួយយន្តការហិរញ្ញប្បទាន និងដៃគូអនុវត្តដែលសមស្រប។

សិក្ខាសាលានេះរំពឹងថានឹងគាំទ្រដល់មាគ៌ារយៈពេលវែង ចាប់ពីការវិភាគ និងវាយតម្លៃតំបន់ទេសភាព ការកសាងការឯកភាព និងការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ ការរៀបចំយន្តការហិរញ្ញប្បទាន ការអនុវត្តរហូតដល់ការតាមដានផលប៉ះពាល់។ ដំណើរការនេះនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគប្រកបដោយចីរភាពក្នុងការអភិរក្សជីវៈចម្រុះ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ កសិកម្មដែលមិនប៉ះពាល់ដល់ធម្មជាតិ និងវិបុលភាពនៅតំបន់ជនបទ។

កម្ពុជាមានឱកាសពិសេសក្នុងការបង្ហាញថាការអភិវឌ្ឍវិជ្ជមានចំពោះធម្មជាតិ និងហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ អាចជំរុញការអភិរក្សជីវៈចម្រុះ សកម្មភាពអាកាសធាតុ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពស្របតាមចក្ខុវិស័យជាតិ «ប្រជាជន ធម្មជាតិ និងវិបុលភាព»