ពន្ធនាគារខេត្តសៀមរាប ច្រានចោលព័ត៌មានមិនពិតថា «ជនជាប់ឃុំត្រូវបង់ថ្លៃទឹកភ្លើង ៦ម៉ឺនរៀលក្នុងមួយខែ»
10-08-2026 11:53
(សៀមរាប)៖ ពន្ធនាគារខេត្តសៀមរាប នៅទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានចេញលិខិតបំភ្លឺជាសាធារណៈ ដើម្បីច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត ដែលបានចុះផ្សាយដោយគណនី Facebook ឈ្មោះ «ពូ ពិសី - Pu Pisey» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។ ព័ត៌មាននោះ បានលើកឡើងថា «មានពលរដ្ឋប្រាប់ខ្ញុំថា ពន្ធនាគារនៅខេត្តសៀមរាប ឱ្យអ្នកទោសទាំងអស់ ត្រូវបង់ថ្លៃទឹក ថ្លៃភ្លើង ក្នុងមួយខែ ៦ ម៉ឺនរៀល, តើជាការពិតទេ?»
ពន្ធនាគារខេត្តសៀមរាប បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្សព្វផ្សាយនេះ គឺជាព័ត៌មានមិនពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ បំផ្លើសការពិត និងមានចេតនាបង្កាច់បង្អួចដល់អង្គភាព។ តាមការពិត រាល់ការប្រើប្រាស់ថាមពលចរន្តអគ្គិសនី និងទឹកស្អាតនៅក្នុងពន្ធនាគារ គឺអនុលោមតាមប្រកាសលេខ ៥២៩០ ប្រក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីហេដ្ឋារចនាសម្ព័ន្ធរបស់ពន្ធនាគារ និងសេចក្តីណែនាំលេខ ០១២សណន ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ។
យោងតាមបទប្បញ្ញត្តិទាំងនេះ ជនជាប់ឃុំត្រូវបានផ្តល់ភ្លើងអគ្គិសនីប្រើប្រាស់ចាប់ពីម៉ោង ១៨៖០០នាទី ដល់ម៉ោង២២៖០០នាទី។ ចំពោះការប្រើប្រាស់ទឹក ជនជាប់ឃុំម្នាក់ៗ អាចហូបទឹកអប្បបរមា៥លីត្រ និងប្រើប្រាស់ទឹកផ្សេងៗ ៣៥លីត្រ ក្នុងមួយថ្ងៃ។ ការចំណាយទាំងអស់នេះ គឺជាបន្ទុករបស់រដ្ឋទាំងស្រុង មិនមែនជាបន្ទុករបស់ជនជាប់ឃុំឡើយ៕

