ដំណឹងល្អសម្រាប់ប្រជាពលរដ្ឋ ៣ភូមិក្នុងស្រុកក្រគរ! លោក ខូយ រីដា អញ្ជើញប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យក្បាលដី
10-08-2026 11:40
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅបរិវេណវត្តទួលត្បែង ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដី សម្រាប់៣ភូមិ គឺភូមិកប៉ាស់ ភូមិកប៉ាស់លើ និងភូមិទួលត្បែង ក្នុងឃុំឈើតុំ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
តាមរយៈរបាយការណ៍របស់ លោក ប្រុក ចិត្រ ប្រធានក្រុមវាល បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធក្នុងឃុំខ្នាឈើតុំ (រួមមាន៖ ភូមិកប៉ាស់ ភូមិកប៉ាស់លើ និងភូមិទួលត្បែង) បានចាប់ផ្តើមពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដោយសម្រេចបានលទ្ធផលសរុបផ្ទៃដីចំនួន ៤៧៦.៥៧ហិកតា ស្មើនឹង១,២៦៨.៥ក្បាលដី លើ១,៣១៥គ្រួសារ (ក្នុងនោះដីលំនៅដ្ឋាន ១,១០៤ក្បាលដី និងដីកសិកម្ម ៩៤៧ក្បាលដី ក្រៅពីនោះមានដីឃុំ សាលារៀន, គណបក្ស និងផ្សារ…)។
លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗ នៃការប្រកាសបិទផ្សាយជាសាធារណៈ ដែលមានរយៈពេល ១៥ថ្ងៃនេះ គឺដើម្បីទុកឱកាសឱ្យប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់។ វាជាឱកាសមាស សម្រាប់អ្នកជិតខាង ឬភាគីពាក់ព័ន្ធ ក្នុងការតវ៉ា ឬកែតម្រូវព្រំដី ក្នុងករណីមានការខុសឆ្គង ដោយមានមន្ត្រីជំនាញចាំជួយសម្របសម្រួលភ្លាមៗ។ ជាមួយគ្នានោះ បន្ទាប់ពីការបិទផ្សាយនេះចប់សព្វគ្រប់ ទិន្នន័យទាំងនេះនឹងត្រូវយកទៅរៀបចំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលជាខែលការពារផ្លូវច្បាប់ដ៏រឹងមាំបំផុត។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនោះ លោក ខូយ រីដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ ដែលជាគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាដល់សិទ្ធិកាន់កាប់ស្របច្បាប់ ការផ្តល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ និងការកាត់បន្ថយជម្លោះដីធ្លីនៅមូលដ្ឋាន។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មរហូតសម្រេចបានលទ្ធផលគួរឱ្យមោទនភាពក្នុងការប្រមូលទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងចំណោមទាំង៣ភូមិខាងលើ អញ្ជើញមកពិនិត្យមើលទិន្នន័យក្បាលដីរបស់ខ្លួនដែលបានបិទផ្សាយជាសាធារណៈនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថាព័ត៌មានម្ចាស់ដី និងទំហំក្បាលដីមានភាពត្រឹមត្រូវ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិផ្លូវច្បាប់។
លោក ខូយ រីដា បានផ្ដាំផ្ញើ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមលុបបំបាត់ការបោះចោលសំរាមពាសវាលពាសកាល ដោយត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ និងតាមដងផ្លូវ ដើម្បីធានាបាននូវបរិស្ថានស្អាត និងសោភ័ណភាពស្រស់បំព្រងក្នុងមូលដ្ឋាន។ សូមកុំបំពានដីចំណីផ្លូវសាធារណៈ ដែលជាហេតុធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងពិបាកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាពេលអនាគត។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាមរយៈការ «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ដើម្បីមានសុខភាពល្អ និងអាយុវែង។
លោកសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងបន្តគាំទ្រ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបន្តមើលការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត៕








































