ACU សម្រេចធ្វើកំណត់ហេតុពិសេស លើគណៈកម្មការប្រឡង ០៣រូប ដែលបានពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡងបាក់ឌុប
10-08-2026 11:08
(សៀមរាប)៖ ដំណើរការប្រឡងមួយព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប និងក្រុមការងារសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើកំណត់ហេតុពិសេស ករណីគណៈកម្មការប្រឡងចំនួន ០៣រូប ពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡង ក្នុងនោះសមាជិកគណៈកម្មការកណ្ដាល ២រូប នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សៀមរាប និងសមាជិកគណៈកម្មការត្រួតពិនិត្យអគារ ១រូប នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន វត្តស្វាយត្បូង។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕



