ប្រឡងបាក់ឌុប៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ
10-08-2026 10:59
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។
ក្រសួងបន្ថែមថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។
បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងបញ្ជាក់ទៀតថា បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡង តាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។
សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖
- ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា (៩០នាទី)។
- ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា (៩០នាទី)៕



















