FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការធ្វើកំណែរទម្រង់វិស័យអប់រំ មិនអាចដើម្បីតម្រូវចិត្តមនុស្សទាំងអស់ពេញចិត្តនោះទេ ត្រូវតែធ្វើដើម្បីធនធានមនុស្សមានគុណភាព

10-08-2026 10:18

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការធ្វើកំណែរទម្រង់វិស័យអប់រំ មិនអាចតម្រូវចិត្តមនុស្សទាំងអស់ឱ្យពេញចិត្តបាននោះទេ ប៉ុន្តែយើងត្រូវហ៊ានសម្រេចចិត្តថាធ្វើយ៉ាងណាឱ្យមនុស្សភាគច្រើនមានគុណភាព។

ថ្លែងក្នុងសន្និសីទសារព័ត៍មាន ក្នុងឱកាសអញ្ជើញបើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា ប្រសិនបើយើងមានឱកាស យើងនឹងពង្រឹងឯកទេសរៀន និងបង្រៀនឱ្យបានច្រើននៅតាមសាលានីមួយៗ ដើម្បីសិស្សបានរៀនកាន់តែច្បាស់ទៅលើឯកទេសនីមួយៗ និងសម្រាប់តម្រង់ទិសទៅថ្នាក់ឧត្តមសិក្សា។

ពាក់ព័ន្ធចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា «នៅពេលដែលយើងធ្វើវាប៉ះហើយ គ្រូខ្លះគាត់ថាមុខវិជ្ជាគាត់អត់ប្រឡង អីចឹងសិស្សមិនសូវយកចិត្តទុកដាក់នោះទេ តើយើងចង់បណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាព ឬមួយយើងចង់ធ្វើតម្រូវចិត្តអ្នកមួយចំនួនតូច, ការធ្វើកំណែរទម្រង់មិនអាចថា ធ្វើដើម្បីឱ្យមនុស្សទាំងអស់ពេញចិត្តនោះទេ ព្រោះមិនអាចមនុស្សទាំងអស់ពេញចិត្តទាំងអស់គ្នាបាននោះទេ ដោយសារផលប្រយោជន៍រៀងខ្លួន ប៉ុន្តែថាធ្វើយ៉ាងមិចឱ្យមនុស្សភាគច្រើនគាត់មានគុណភាព»

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា នេះជាបញ្ហាប្រឈមមួយដែលយើងត្រូវដោះស្រាយ ហើយត្រូវហ៊ានវះកាត់ ហើយបើយើងចង់ឱ្យវិលត្រឡប់ឱ្យដូចពេលមុនវិញ គឺងាយស្រួលណាស់ មិនពិបាកនោះទេ ប៉ុន្តែធនធានមនុស្សយើងដែលចេញមក គឺចេះអត់ច្បាស់នោះទេ៕