រដ្ឋមន្ត្រី ហួត ហាក់៖ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ» ផ្សារភ្ជាប់កីឡា ទេសចរណ៍ និងការអភិរក្សធម្មជាតិ
10-08-2026 07:56
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង «កម្មវិធីរត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» ចម្ងាយ ៥គីឡូម៉ែត្រ ដែលជាព្រឹត្តិការណ៍អមនៃ ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ វិស័យឯកជន សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកផលិតមាតិកា Influencers និង KOLs សិស្ស និស្សិត ប្រជាពលរដ្ឋ និងអ្នកចូលរួមប្រមាណ ១ ០០០នាក់។
ព្រឹត្តិការណ៍ទេសចរណ៍កីឡានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសខេត្តស្ទឹងត្រែង ដែលជាគោលដៅអេកូទេសចរណ៍ដ៏មានសក្តានុពលនៅតំបន់ភូមិភាគឦសាន។ ព្រឹត្តិការណ៍នេះក៏ជាការចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ផងដែរ។
ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា គូសបញ្ជាក់ថា ប្រធានបទ «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ» មានអត្ថន័យជ្រាលជ្រៅ ដោយបានផ្សារភ្ជាប់វិស័យសំខាន់ៗចំនួន៣ រួមមាន៖ កីឡា ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ទេសចរណ៍ក្នុងរដូវកាលបៃតង។ វត្តមាន និងការចូលរួមយ៉ាងសកម្មរបស់សាធារណជន គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈរួមក្នុងការគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍ និងកីឡា ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញបន្ថែមទៀត។
រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា អន្លង់សត្វផ្សោតទន្លេមេគង្គ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានតម្លៃ និងជាជម្រកដ៏សំខាន់របស់សត្វផ្សោតទឹកសាបទន្លេមេគង្គ។ នៅតំបន់នេះ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តទស្សនាសត្វផ្សោត ស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីតាមដងទន្លេមេគង្គ និងគយគន់ទេសភាពព្រៃលិចទឹកដ៏ស្រស់ត្រកាល ព្រមទាំងទទួលបានបទពិសោធន៍ទេសចរណ៍ដែលផ្សារភ្ជាប់ដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន។
ជាពិសេសក្នុងរដូវកាលបៃតង ធម្មជាតិនៅខេត្តស្ទឹងត្រែងកាន់តែមានភាពស្រស់បំព្រង បៃតងខៀវស្រងាត់ អាកាសធាតុត្រជាក់ស្រួល និងបរិយាកាសស្រស់ស្រាយ ដែលបង្កើតជាបទពិសោធន៍ពិសេសមួយសម្រាប់ភ្ញៀវទេសចរ និងបង្ហាញថា រដូវកាលបៃតងគឺជាពេលវេលាដ៏សមស្របមួយសម្រាប់ការធ្វើដំណើរស្វែងយល់ពីសម្រស់ធម្មជាតិ និងសក្តានុពលអេកូទេសចរណ៍របស់កម្ពុជា។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាខេត្តស្ទឹងត្រែង ស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប ចូលរួមគាំទ្រសហគមន៍មូលដ្ឋាន និងរួមគ្នាថែរក្សា អភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា កម្មវិធី «រត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង» មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដ៏មានអត្ថន័យក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តស្ទឹងត្រែង ជំរុញការចូលរួមអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ស្របតាមគោលដៅនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការជំរុញចលនាទេសចរណ៍ក្នុងរដូវកាលបៃតងនៅកម្ពុជា៕



















