FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្តង់ពិព័រណ៍ជាច្រើនត្រូវបានដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង

09-08-2026 20:13

(ស្ទឹងត្រែង)៖ ឆ្លៀតឱកាសក្នុងពិធីបិទព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ៖ «សក្កានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង រួមជាមួយ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា ក្នុងព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង។

ស្តង់ពិព័រណ៍នានាបាននាំមកនូវផលិតផល និងសក្តានុពលដ៏សម្បូរបែបពីមូលដ្ឋាន រួមមាន ផលិតផលសហគមន៍ ផលិតផលកសិកម្ម សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផលិតផលច្នៃប្រឌិតជាច្រើន ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង និងតំបន់ភូមិភាគឦសាន។

ក្នុងឱកាសអញ្ជើញទស្សនាស្តង់ លោករដ្ឋមន្ត្រីបានសំណេះសំណាលជាមួយ សហគ្រិន អាជីវករ និងតំណាងសហគមន៍ ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងគុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ និងការរចនាផលិតផលឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីបង្កើនតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្សារភ្ជាប់ «ផលិតផលមូលដ្ឋានទៅនឹងទីផ្សារទេសចរណ៍» ដោយលើកទឹកចិត្តឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មពាក់ព័ន្ធ បង្កើនការប្រើប្រាស់ផលិតផលដែលផលិតដោយប្រជាពលរដ្ឋ និងសហគមន៍ក្នុងស្រុក។ ការធ្វើបែបនេះ មិនត្រឹមតែជួយបង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រាក់ចំណូល បង្កើតការងារ និងធ្វើឱ្យអត្ថប្រយោជន៍ពីវិស័យទេសចរណ៍បានចែកចាយកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕