ប្រធានាធិបតី ស៊ី ជិនពីង ផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារអបអរសាទរដល់ខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC)
09-08-2026 16:47
(ប៉េកាំង)៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានផ្ញើសារលិខិត ថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ដល់ខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC)។
តាមរយៈលិខិតថ្លែងអំណរគុណនេះ លោកប្រធានាធិបតីចិនបានបញ្ជាក់ថា មិត្តភាពដែកថែបរវាងប្រទេសចិន និងប្រទេសកម្ពុជា បានតស៊ូយ៉ាងរឹងមាំដូចសិលា ទប់ទល់បាននឹងវិញ្ញាសានៃការប្រែប្រួលស្ថានការណ៍អន្តរជាតិ ព្រមទាំងកាន់តែរីកចម្រើនខ្លាំងក្លាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។
លោកបានបញ្ជាក់ទៀតថា ថ្មីៗនេះ សម្តេចតេជោ បានអញ្ជើញបំពេញទស្សនមិត្តភាពជាកិច្ចផ្លូវការនៅប្រទេសចិន ដែលក្នុងអំឡុងពេលនោះ ប្រទេសទាំងពីរបានសម្រេចនូវការឯកភាពជាឯកច្ឆន្ទថ្មីៗដ៏សំខាន់ក្នុងការជំរុញ ទំនាក់ទំនងចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនារួម។
លិខិតរបស់លោកប្រធានាធិបតីបានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈថ្មីៗ លោកត្រៀមខ្លួន រួចជាស្រេចក្នុងការរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយ សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តទៅវិញទៅមកខាងផ្នែកនយោបាយ, ជំរុញការផ្លាស់ប្តូររវាងគណបក្សនិងគណបក្ស និង ការចែករំលែកបទពិសោធស្តីពីអភិបាលកិច្ច ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងលើគ្រប់វិស័យ ក្នុងគោលបំណងនាំមកនូវ ផលប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ៕



