ប្រជាពលរដ្ឋទីទ័លក្រ និងងាយរងគ្រោះចំនួន២៩៧គ្រួសារ នៅស្រុកស្ទឹងហាវ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
09-08-2026 14:53
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធ៌មរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូនគ្រួសារប្រជាពលរដ្ឋទីទ័លក្រ និងងាយរងគ្រោះចំនួន ២៩៧ គ្រួសារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះលោក ម៉ាង ស៊ីណេត បានពាំនាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានគិតគូរអំពីសុខទុក្ខ សុខភាពបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋទីទ័លក្រនៅខេត្តព្រះសីហនុ។ ក្នុងនាមសាខាកាកបាទក្រហមខេត្ត មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្ត តែងតែគិតគូរពីសុខទុក្ខ ការខ្វះខាតរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវបណ្ណសមធម៌ បណ្ណប.ស.ស សម្រាប់មន្ត្រីរាជការ និយោជិត កម្មករ ជាពិសេសប្រជាពលរដ្ឋទីទ័លក្រមាន ក្រ១ ក្រ២ នៅតាមមូលដ្ឋានធ្វើឱ្យមានជីវភាពកាន់តែប្រសើរឡើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើន ស្របតាមយុទ្ធសាស្ត្រត្រីកោណ បញ្ចកោណធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព ហើយកត្តាសុខសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍរីកខម្រើន។ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកបន្តថា រាជរដ្ឋាភិបាលបានវិនិយោគលើវិស័យអប់រំរុញសាលាឱ្យនៅជិតផ្ទះប្រជាពលរដ្ឋក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ បំណិនជីវិត ទន្ទឹមនោះ រាជរដ្ឋាភិបាល ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធពីថ្នាក់ជាតិ ខេត្ត រហូតដល់មូលដ្ឋានក្នុងការប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ និងជូនពរឱ្យពូ មីង មានសុខភាពល្អគ្រប់ក្រុមគ្រួសារ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម គ្រុនឈីកក្នុងរដូវវស្សានេះឱ្យបានគ្រប់ក្រុមគ្រួសារ។
អំណោយសាខាកាកបាទក្រហម នាំមកចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ២៩៧គ្រួសារនាពេលនេះរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១យួរ ត្រីងៀត ១គីឡូក្រាម នំសណ្តែកដី ១កញ្ចប់ កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ៥០ ០០០រៀល៕






















