អភិបាលខេត្តរតនគិរី និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមណ្ឌលប្រឡងបាក់ឌុប មុនពេលការប្រឡងចូលមកដល់ស្អែកនេះ
09-08-2026 14:49
(រតនគិរី)៖ លោកញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើរដោយ លោកឌុច ចាន់តូ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងពើពុករលួយ លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦បាន អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បីធានាឱ្យដំណើរការប្រឡង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ប្រព្រឹត្តទៅដោយរលូន ភាពយុត្តិធម៌ តម្លាភាព និងវិន័យតឹងរឹង។
នៅក្នុងឱកាសនេះ លោកបានជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស ជាបេក្ខជនត្រៀមប្រឡង ដែលបានមកពិនិត្យបញ្ជីឈ្មោះរបស់ខ្លួន ដោយលោកបានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អសម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃ១០ ខែសីហា ឆ្នាំ២០២៦ស្អែកនេះមានបេក្ខជនចូលប្រឡងចំនួន ១,៩៧៧នាក់ (ស្រី ១,០៨៦នាក់)ក្នុងនោះជនជាតិដើមភាគតិចមានចំនួន៤៤.៩៩ភាគរយផងដែរ៕












